កម្ពុជា​សាទរ​ចំពោះ​ការសន្ទនា​គ្នា​រវាង​កូរ៉េខាងជើង ​និង​កូរ៉េខាងត្បូង

53

ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃទី១៣ ​ខែ កុម្ភៈ ឆ្នាំ​២០១៨​នេះ​ បាន​សាទរ ​និង​លើកទឹកចិត្ត​ការសន្ទនា​គ្នា ​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ​ខណៈដែល​ប្រទេស​កូរ៉េខាងជើង​បាន​បញ្ជូន​កីឡាករ​មក​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​នៅ​ប្រទេស​កូរ៉េ​ខា​ងត្បូង ​ដោយមាន​វត្តមាន​ថ្នាក់ដឹកនាំ ​ កំពូល​មក​ចូលរួម​ផង​។

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ចាប់ពី​ចុងឆ្នាំ​ ២០១៧​ មក​បញ្ហា​ទៅ​ឧ​ប​ទ្វីប​កូរ៉េ​ បាន​ក្លាយ​ជា​ក្តី​កង្វល់​នៅ​ទូទាំង​ពិភពលោក​ ក្នុងនោះ​ក្នុង​កិច្ចប្រជុំ​ធំ ៗ​ តែងតែ​លើក​ពី​បញ្ហា​នេះ ​តែមួយ​រយៈ​ចុង​ក្រោយនេះ​កូរ៉េ​ទាំងពីរ​ បា​នរក​វិធី​សន្ទនា​គ្នា​ដើម្បី​បន្ថយ​ភាព​តានតឹង​តាមរយៈ​ការ​បញ្ជូន​កីឡាករ​កូរ៉េខាងជើង​ មក​ចូលរួម​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ។​

ករណីនេះ សម្តេច​តេ​ជោ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​សាទរ ​និង​លើកទឹកចិត្ត​ឲ្យ​ប្រទេស​ជា​បងប្អូន​ទាំងពីរ​នេះ ​បន្ត​នូវ​ការសន្ទនា​នេះ​បន្ថែម​ទៀត​។ ​សម្តេច​ បន្ថែមថា ​មូល​ហេតុ​ដែល​សម្ដេច​លើក​បញ្ហា​នេះ ​មក​និយាយ​ព្រោះថា ​នៅ​ពេលដែល​ប្រទេស​កូរ៉េ​ទាំងពីរ​មាន​ភាព​តាម​តឹង ​កម្ពុជា​ក៏បាន​លើក​មក​និយាយ ​ ដូចនេះ​ នៅ​ពេលដែល​ស្ថានភាព​នៅ​តំបន់​ឧ​ប​ទ្វីប​កូរ៉េ ​មាន​ភាព​ធូរស្រាល​កម្ពុជា​ក៏​ត្រូវ​និយាយ​ផង​ដែរ​។

លោកស្រី គឹម យ៉ូ​ជុង ប្អូនស្រី​បង្កើត​របស់​លោក ​គឹម ជុង​អ៊ុន​ មេដឹកនាំ​កូរ៉េខាងជើង ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល​បី​ថ្ងៃ ​ខណៈដែល​ក្រុម​កីឡាករ​កូរ៉េខាងជើង​ក៏​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះដែរ​ ដើម្បី ប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​។

ខណៈដែល​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​នោះ ​លោកស្រី គឹម​យ៉ូ​ជុង និង​គណៈប្រតិភូ បាន​ពិសារ​អាហារ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កូរ៉េខាងត្បូង ​ ទស្សនា​ពិធី​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងារ​នៅ​ទីក្រុង ព្យុង​ឆាង​ និង​អបអរសាទរ​ដល់​ក្រុម​កីឡា​កូន​បាល់​លើទឹក​កក ​ផ្នែក​នារី នៃ​ក្រុម​រួបរួម​កូរ៉េ​ទាំងពីរ​ផង​ដែរ​៕