សម្តេច​តេ​ជោ ចោទ​ជា​សំណួរ​ថា​ ហេតុអ្វី​បានជា​មន្ត្រី​របស់​យើង​ចាំ​តែ​មាន​បទបញ្ជា​ទើប​អនុវត្ត​ ខណៈ​ច្បាប់​មាន​រួច​ទៅ​ហើយ

65

ភ្នំពេញ ៖ ​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញ​ការ​ភ្ញាក់ផ្អើល​ដែល​មិន​នឹក​ស្មានថា រថយន្ត​ត​ទ្រុង​ធំៗ វែងៗ​ មាន​ច្រើន​ ចាប់​បាន​រហូតដល់​រាប់ពាន់​គ្រឿង​ បន្ទាប់ពី​សម្តេច​បាន​ចេញ​នូវ​បទបញ្ជា​ឱ្យ​ធ្វើ​ការ​ចាប់​នោះ​។

ទោះជា​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ​ហ៊ុន សែន​ ​បាន​ចោទ​ជា​សំណួរ​ថា ​ហេតុអ្វី​បានជា​មន្ត្រី​របស់​យើង​ចាំ​តែ​មាន​បទបញ្ជា​ទើប​អនុវត្ត​ ចាប់​រថយន្ត​ត​ទ្រុង​វែងៗ ,​តើ​មន្ត្រី​របស់​យើង​អនុវត្ត​ច្បាប់ ឬ​អនុវត្ត​តាម​បទបញ្ជា​ ព្រោះថា ​កន្លងមក​កន្លង ​ទាល់តែ​សម្តេច​បញ្ជា​ទើប​នាំគ្នា​អនុវត្ត​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ ខណៈ​អញ្ជើញ​ជា​អធិបតី​​ភាព​ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​ជ័យលាភី​ ថ្នាក់​បរិញ្ញាបត្ររង ​បរិញ្ញាបត្រ ,​បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ថ្នាក់បណ្ឌិត នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ សរុប​ជាង​៤​ពាន់​នាក់ ។

សូម​ជម្រាប​ថា​ នេះ​ជា​បទបញ្ជា​ក្តៅ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ឱ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច ​ជា​ចៅហ្វាយខេត្ត ​ចៅហ្វាយស្រុក​ អនុវត្ត​ឱ្យខាងតែបាន​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​មិត្តភាព ​កម្ពុជា ចិន ស្ទឹងត្រង់ ក្រូចឆ្មារ កាលពី​ថ្ងៃទី​៩ ​កុម្ភៈ​ កន្លងទៅនេះ ​ហើយ​បើ​គិត​មក​ដល់ពេលនេះ បណ្តា​ខេត្ត រាជធានី នានា​ទូទាំង​ប្រទេស ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត ​ក្នុងនោះ​គ្រាន់តែ​ក្នុង​រាជធានី​ភ្នំពេញ​ មួយ​គិត​មកដល់​ថ្ងៃនេះ ​ប្រតិបត្តិ​ការ​ចាប់​រថ​យន្ត​ត​ទ្រុង​វែងៗ ​បាន​ប្រមាណ​ជាង​២​ពាន់​គ្រឿង​៕