អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ហែល​ដោយ​ឥតគិតថ្លៃ​

127

ហែល​ទឹក៖ យោង​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា អាង​ហែល​ទឹក​កម្រិត​ស្តង់ដារ​អន្តរជាតិ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​អនុញ្ញាត​ឲ្យ​សាធារណជន​ចូល​ហែល​ទឹក​ដោយ​សេរី នៅ​រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍ដោយ​មិន​គិត​ថ្លៃ​អ្វី​ឡើយ។

​ដំណឹង​ល្អ​សម្រាប់​អ្នក​និយម​ហែល​ទឹក​ហាត់ប្រាណ​មួយ​នេះ ត្រូវ​បាន​ក្រសួង​អប់រំប្រកាស​លើ​ទំព័រហ្វេ​ស​ប៊ុ​ក​ផ្លូវ​កា​របស់​ខ្លួន​កាលពី​ម្សិលមិញ។ ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យចាប់ពី​ម៉ោង ៩​ព្រឹករហូតដល់​ម៉ោង ៥​ល្ងាច សាធារណៈ​ជន​ទាំង​ប្រុស​ទាំង​ស្រីគឺ​អាច​ចូល​ហែល​ទឹកក្នុង​អាង នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដោយ​សេរី។ ប៉ុន្តែ​ដើម្បី​ការពារ​សុវត្ថិភាពអ្នក​ហែល​ទឹក​ទាំងអស់ ត្រូវ​មាន​ឯកសណ្ឋានហែល​ទឹក និង​ឧបករណ៍​សុវត្ថិភាព​ផ្ទាល់ខ្លួន។​ គួរ​បញ្ជាក់​ថា ការប្រកាស​នេះគឺ​ស្រប​ពេល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​នឹង​កំពុង​ជំរុញឲ្យ​មាន​សកម្មភាព​ផ្សេងៗ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ពហុ​កីឡដ្ឋាន​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣​ខាងមុខ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​ដំណាក់កាល​ទី​១ កាលពី​ខែ​មេសាឆ្នាំ​២០១៧​កន្លងទៅ​។

ដូច្នេះ​ការអនុញ្ញាត​ឲ្យ​សាធារណជន​ចូល​ហែល​ទឹក​ដោយ​ឥតគិតថ្លៃ​ នៅ​អាង​ហែល​ទឹក​ស្តង់ដារ​អន្តរជាតិ​នេះ គឺជា​រឿង​ដ៏​ល្អ​មួយដែល​ទទួល​បាន​ផល​ចំណេញ​ ទាំង​ការហាត់​ប្រាណ​របស់​ប្រជាពលរដ្ឋ និង​ការ​គៀង​គរ​ឲ្យ សាធារណជន​ បាន​ស្គាល់​ពី​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត៕
​អត្ថបទ៖ លី ឈុន​ឡា