អំណោយ​​កុំព្យូទ័រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ ត្រូវ​បាន​ប្រគល់​ជូន​សាលា​ចំនួន​ពីរ​ក្នុងស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ

45

 

កំពង់ធំ ៖ ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​តាមរយៈ​ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត ជា​កុំព្យូទ័​ចំនួន​០៧​គ្រឿង ​ដែល​មាន​កុំព្យូទ័រ​យួរដៃ ​ចំនួន​០៣​គ្រឿង ​ត្រូវ​បាន​ប្រគល់​ជូន​អនុវិទ្យាល័យ​ឈូក​ខ្សាច់ ​និង​កុំ​ព្យូ​រ​ទ័​រលើ​តុ​ចំនួន​០២​គ្រឿង ​និង​នូវ​កុំព្យូទ័រ​យួរ ដៃ​ចំនួន​០២​គ្រឿង​ផ្សេងទៀត ប្រគល់​ជូន​វិទ្យាល័យ​ ហ៊ុន​សែន​ស្រះ​បន្ទាយ ​ដែល​ស្ថិតនៅ​ក្នុងស្រុក​បារាយ៍ ​ខេត្តកំពង់ធំ ​ នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ធ្លាប់​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​វិស័យ​អប់រំ បើ​ប្រៀបធៀប​ទៅ​វិស័យ​ផ្សេងៗ ​ព្រោះនេះ​ដូចជា​ការវិនិយោគ ​ហើយ​ការ​វិនិយោគ​លើ​ធនធាន​មនុស្ស គឺជា​ការ​វិនិយោគ​ធនធានមនុស្ស​មិនចេះ​រីងស្ងួត​សម្រាប់​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​។

លោក ហាក់ ម៉ុង​ហួត អភិបាល​នៃ​គណៈ​អភិបាលស្រុក​បារាយ៍​ បាន​មានប្រសាសន៍ថា ​ក្នុងនាម​អាជ្ញាធរ​ស្រុក​ សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ​តាមរយៈ​ការសាងសង់​សាលារៀន ​និង​ផ្តល់​នូវ​សម្ភារៈ​បរិក្ខារ​ដែល​ប្រើ​សម្រាប់​ការងារ​បង្រៀន​របស់​លោក​គ្រូ​អ្នកគ្រូ​នៅក្នុង​សាលា​ទាំងពីរ​នេះ ​ក៏ដូចជា​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខ​មាលភាព​ប្រជាពលរដ្ឋ​ក្នុងស្រុក​បារាយ៍​ ដែល​ថ្មីៗ​នេះ​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​មក​ពិនិត្យ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ផ​ងដែរ​។

លោកនាយក​នៃ​វិទ្យាល័យ​ទាំងពីរ បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ ដែល​បាន​ទទួល​អំណោយ​ជា​កុំព្យូទ័រ​ទាំងនេះ​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​កិច្ចការ​បង្រៀន​របស់​លោក​គ្រូ​អ្នកគ្រូ និង​ការសិក្សា​របស់​សិស្សានុសិស្ស ​ឱ្យ​កាន់​តែ​មាន​ភាពងាយស្រួល ​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។

លោកនាយក​វិទ្យាល័យ​ស្រះ​បន្ទាយ​ បានអោយដឹងថា ​វិទ្យាល័យ​មាន​សិស្ស​ចំនួន​សរុប​៧៤៩​នាក់​ ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២​ និង​មាន​លោកគ្រូ​អ្នកគ្រូ​ចំនួន​៣៤​នាក់​ ដែល​ត្រូវ​ប្រើ​កុំព្យូទ័រ​ក្នុង​ការងារ​សិក្សាធិការ​។

លោក​ បាន​បន្តថា ការទទួលបាន​កុំ​ព្យូ​រ​ថ្មី​នេះ​ គឺ​ដើម្បី​លោកគ្រូ​អ្នកគ្រូ​សម្រាប់​ធ្វើ​ការងាររដ្ឋបាល ​និង​ការ​បូក​ពិន្ទុ​សិស្ស​ជាដើម ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍ ​និង​ភាព​ងាយស្រួល​លឿន​ជាង​មុន​។

ជំនួសមុខ​អោយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គណៈ​គ្រប់គ្រង​នៃ​សាលា​ទាំងពីរ ​សូម​គោរព​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​និង​ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ពី​ការសិក្សា​រៀន​សូត្រ​របស់​សិស្សានុសិស្ស​ និង​ការ​បណ្តុះ​បណ្តាល​របស់​លោក​គ្រូ​អ្នកគ្រូ​នៅទីនេះ​ក៏​ដូចជា​នៅ​ទូទាំងប្រទេស​ដើម្បី​ទទួល​បាន​ទាំង​បរិមាណ​ និង​គុណភាព​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​។

គួរ​រំលឹក​ផងដែរ​ថា អំណោយ​ជា​កុំ​ព្យូ​រ​ទ័​រទាំង​០៧​គ្រឿង​នេះ​ តប​តាម​ការ​ស្នើសុំ​របស់​គណៈ​គ្រប់គ្រង​នៃ​សាលា​ទាំងពីរ​គ្រា​ដែល​ឯកឧត្តម​ ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​ ក្នុងស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ​ នាពេល​ថ្មីៗ​នេះ​។