អ្នក​ជំនាញ​កាយសម្បទា​ថៃ​ជំរុញ​កីឡាករ​កម្ពុជា​ប្រើប្រាស់​ឧបករណ៍​ជំនួយ​សម្រាប់​ហ្វឹកហាត់​

29

កាយ​សម្បទា៖ លោក Kamonchai Rattanadechakul អ្នក​ជំនាញ​ខាង​ផ្នែក​កាយសម្បទា និង​មាន​បទពិសោធន៍​ជាង ១០​ឆ្នាំ​នៅ​ប្រទេស​ថៃបាន​ចំណាយ​ពេល ១​ថ្ងៃ​ពេញកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដើម្បី​ចែករំលែក​បទពិសោធន៍ថ្មីៗ​ដល់​គ្រូ​បង្វឹក និង​កីឡាករ​កម្ពុជា​មួយ​ចំនួននៅ​តារា​ងបាល់ទាត់ The Blue Sports។

ទន្ទឹម​ជាមួយគ្នា​នោះបុរស​ជនជាតិ​ថៃ​រូប​នេះ​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​កីឡាករ​កម្ពុជា ត្រូវ​ធ្វើ​ការ​ហ្វឹក​ហាត់​ដោយ​ប្រើប្រាស់ឧបករណ៍​ជំនួយ ដើម្បី​ទទួល​បាន​នូវ​សិទ្ធ​ផល​កម្លាំងកាយ​ល្អ​ប្រសើរ។​ លោក​បន្ថែម​ថា ការ​ហ្វឹក​ហាត់​កាយសម្បទាគឺជា​លំ​ហាប់​ដ៏​សំខាន់ ដើម្បី​ភាព​រឹង​មាំ រហ័សរហួន អំណត់ និង​មាន​ល្បឿន​លឿន​ក្នុង​សកម្មភាព​លើ​ទីលាន​។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​នូវ​កម្លាំងកាយ ឬ​កាយសម្បទា​ស្របតាមស្តង់ដារ​បែបនេះ អ្នក​ហ្វឹកហាត់​គប្បី​ត្រូវ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ឲ្យ​បាន​ច្រើន ព្រោះ​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន​បើ ធៀប​នឹង​ការ​ហ្វឹក​ហាត់​ធម្មតា ដែល​គ្មាន​ការប្រើប្រាស់​ឧបករណ៍​ជំនួយ។​

អ្នក​ជំនាញ​វ័យ ៣៥​ឆ្នាំ​រូប​នេះ​បន្ដ​ថា ជា​ការពិត​ការ​ហ្វឹក​ហាត់​ត្រៀម​ប្រើ​បច្ចេកទេស​ខុស​ៗ​គ្នា តែ​អ្វី​ដែល​កីឡាករ គ្រប់រូប​ត្រូវ​ធ្វើ គឺ​ការអនុវត្ត​តាមរបៀប​ហ្វឹកហាត់​ថ្មីៗ ឬ​ការ​ហ្វឹក​ហាត់​តាមរយៈ​បច្ចុប្បន្នភាព ដែល​មាន​ឧបករណ៍ ទំនើប​ៗ​ជាច្រើន ដែល​ជំរុញ​ឲ្យ​កីឡាករ​កម្រិត​អាជីព​ ទទួល​បាន​ជោគជ័យ​កាន់តែ​ឆាប់រហ័ស។ ជាក់ស្ដែង​ដូច​បណ្ដាប្រទេស​មាន​បាល់ទាត់​ជឿនលឿន​នៅ​អឺរ៉ុប​ បច្ចុប្បន្នកីឡាករ​ម្នាក់ៗស្ទើរ​តែ​មាន​ឧបករណ៍​ទំនើប​ៗ ហ្វឹកហាត់​ផ្ទាល់ខ្លួន​ជាដើម។​ សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​១ ហើយដែល​លោក Kamonchai Rattanadechakul បាន​មក​ចែក​រំលែក​បទពិសោធន៍ ​ពាក់ព័ន្ធ​នឹង​ការ​ហ្វឹក​ហាត់​កាយសម្បទា​ដល់​គ្រូ​បង្វឹក និង​កីឡាករ​មួយ​ចំនួនក្នុង​លី​ហ្គ​កំពូល​កម្ពុជា។ ហើយ​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី ស្ដីពី​បច្ចេកទេស​ហ្វឹកហាត់​ថ្មីៗ​នេះ នឹង​ក្លាយជា​ជំនួយ​មួយ​ដ៏​សំខាន់ ដើម្បី​ជំរុញ​ឲ្យ​កីឡាករ​កម្ពុ​ជា​មាន​សមត្ថភាព ​ក្នុង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត៕

អត្ថបទ៖ លី ឈុន​ឡា