ក្រុមហ៊ុន​កីឡា E-Sport លំដាប់​ពិភពលោក និង​កម្ពុជា គ្រោង​ចាប់ដៃ​ពង្រីក​សក្ដានុពល​នៅ​កម្ពុជា​

49

អេឡិចត្រូនិក៖ ក្រោយ​មើល​ឃើញ​ពី​ភាព​រីកចម្រើន​ នៃ​វិស័យ​កីឡា​អេឡិចត្រូនិក​ក្នុង​ប្រទេស​កម្ពុជា ឬ​កីឡា E-Sport ក្រុមហ៊ុន Riot Games ដែល​ជា​ក្រុមហ៊ុន Games E-Sport ដ៏​ធំ​របស់​សិង្ហ​បុរី និង​មាន​វិញ្ញាសា​ប្រកួត​លំដាប់​ពិភពលោក​ជាច្រើន បាន​មក​សិក្សា​ពី​ប្រទេស​កម្ពុជាដើម្បី​រៀបចំ​គម្រោង​សហការ​គ្នា​ ជាមួយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ដើម្បី​ពង្រីកសក្ដានុពល​កីឡា​បែប​ទំនើប​មួយ​នេះ ឲ្យ​មានការ​ផុស​ផុល​កាន់​តែ​ខ្លាំង​លើ​ទឹកដី​កម្ពុជា។

កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ តំណាង​ក្រុមហ៊ុន Riot Games បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន សហព័ន្ធ​អេឡិចត្រូនិក​កម្ពុជា​លោក ជី សិលា។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​​ប្រធាន​សហព័ន្ធ​កម្ពុជាបាន​បញ្ជាក់​ថា វា​ទើប​ជា​ជំ​ហ៊ាន​ចាប់ផ្ដើម តែ​អាច​នឹង​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​រក​ការ​ចាប់​ដៃ​គ្នា ដើម្បី​លើកស្ទួយ​កីឡា E-Sport កម្ពុជា។ លោក​បន្ដ​ថា សហព័ន្ធ​រីករាយ​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​សិង្ហ​បុរី​មួយ​នេះ ដើម្បី​ទទួល​បាន​នូវ​ប្រយោជន៍​ធំដូចជា​ការ​ផ្សព្វផ្សាយ​ពី​កីឡា E-Sport កម្ពុជា និង​ការ​ឈាន​ទៅ​ចូលរួម​ការប្រកួត​លំដាប់​ពិភពលោក​ជាដើម ។​

សូម​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះកីឡា E-Sport កម្ពុជា​បាន​ទទួល​ជោគជ័យ​ជា​បន្ដ​បន្ទាប់ ក្នុង​ការ​ប្រកួត​កម្រិត​តំបន់ពិសេស​ក្នុង​ព្រឹត្តិការណ៍ Mission Against Terror International Championship តែម្ដង។ ប៉ុន្តែ​ប្រសិនបើ​កម្ពុជាមាន​ក្រុមហ៊ុន​ដៃគូ​សហការ​កម្រិត​អន្តរជាតិ ហើយ​ឈាន​ទៅ​ប្រកួត​លំដាប់​ពិភពលោក ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដដែល នៅតែ​រំពឹង​យ៉ាង​មុតមាំ​ថា ក្រុម​កីឡា E-Sport កម្ពុជា​នឹង​បន្ត​ធ្វើ​បាន​ល្អ ដើម្បី​នាំមក​នូវ​កិត្តិយស​ជូន​ប្រទេសជាតិ​របស់​ខ្លួន​៕
អត្ថបទ៖ លី ឈុន​ឡា