ឆ្នាំ​២០១៧​សមត្ថកិច្ច​​​ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ​និង​អំពើ​អាជីវកម្ម​ ​ផ្លូវ​ភេទ ​មាន​កើន​ឡើង​​

39

ភ្នំពេញ ៖ ​នៅ​ក្នុង​ឆ្នាំ​២០១៧ អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​ព្រះរាជអាជ្ញា​តាម​រាជធានី ខេត្ត បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ​និង​អំពើ​អាជីវកម្ម​ ​ផ្លូវភេទ​ បាន​ចំនួន ១៥៩​ករណី​ (​លើ​៩២​ករណី​ បើ​ធៀប​នឹង ​ឆ្នាំ​២០១៦ ​កើន​ឡើង​ចំនួន​៦៧​ករណី​)​

របាយការណ៍​ បាន​ឲ្យដឹងថា ​​សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​ និង​បញ្ជូនទៅ​សាលាដំបូង ​បាន​ចំនួន ២០៣​នាក់​/១១៣​នាក់ ​កើនឡើង​ចំនួន​៩០​នាក់​ ស្រី​៦១​នាក់ អនីតិជន​១៧​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​។ ក្នុងចំណោម​ជនសង្ស័យ​ដែល​ជា​បរទេស​ចំនួន​២០​នាក់ ​មាន​៨​សញ្ជាតិ​រួមមាន​ ចិន​៩​នាក់ វៀតណាម​៣​នាក់ ​អង់គ្លេស​២​នាក់​ ហូ​ឡង់​២​នាក់ ជ​ប៉ុន​១​នាក់ អាមេ​រិ​ក​១​នាក់ ​រុស្ស៊ី​១​នាក់​ និង​ឆេ​ក​១​នាក់​។

ដោយឡែក​ជនរងគ្រោះ​ដែល​សង្គ្រោះ ​បាន​ក្នុង​ករណី​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ សរុប​ចំនួន​៣៤៥​នាក់​/២៩៨​នាក់ ​ថយចុះ​ចំនួន​៤៧​នាក់ ក្នុង​នោះ​មាន​ អាយុ​ក្រោម​១៥​ឆ្នាំ ​ចំនួន​១៣៨​នាក់ អាយុ​ពី​១៥​ទៅ​១៧​ឆ្នាំ ​ចំនួន​៤០​នាក់ និង​អាយុ​១៨​ឆ្នាំ​ឡើង ចំនួន​១៦៧​នាក់ ​ ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​ចំនួន​១២០​នាក់​ អង្គការ​ចំនួន​៥​នាក់ ​និង​ទៅ​គ្រួសារ​ចំនួន​២២០​នាក់​។

របាយការណ៍​ បាន​បន្តថា ករណី​អំពើ​ជួញដូរ​មនុស្ស​បង្ក្រាបបាន ​៤៨/២២​លើក កើន​២៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧២​នាក់​ ស្រី​៣៧​នាក់​ ជនបរទេស​ចំនួន​៨​នាក់ រួមមាន ​ចិន​៣​នាក់ ជប៉ុន​១​នាក់ វៀតណាម​១​នាក់ ​អាមេរិក​១​នាក់ រុស្ស៊ី​១​នាក់ និង​អង់គ្លេស​១​នាក់​។

សង្គ្រោះ​ជនរងគ្រោះ​ចំនួន​១២៩​នាក់ ក្នុងនោះ​មាន អាយុ​ក្រោម​១៥​ឆ្នាំ ចំនួន​៣២​នាក់​ (២៤.៨០%) អាយុ​ពី​១៥​ទៅ​១៧​ឆ្នាំ ចំនួន​១៩​នាក់ ​(១៤.៧២%) និង​អាយុ​១៨​ឆ្នាំ​ឡើង​៧៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច ចំនួន​២៤​នាក់ អង្គការ​១​នាក់ ​និង​ទៅ​គ្រួសារ​១០៤​នាក់​៕