រុស្ស៊ី​តាម​ស្វែងរក​បំណែក​សាកសព​ និង​តម្រុយ​ផ្សេងទៀត​ បន្ទាប់​ពី​ធ្លាក់​យន្តហោះ​សម្លាប់​មនុស្ស ​៧១​នាក់

112

​រុស្ស៊ី៖ ​ក្រុម​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​ស្វែងរក​តំបន់​វាល​ស្មៅ​ដែល​គ្របដណ្ដប់​ដោយ​ព្រិល​ដោយ​ប្រើ​ប៉ែល ខណៈ​ពួកគេ​តាម​រក​បំណែក​សាកសព និង​តម្រុយ​ផ្សេងៗ​ បន្ទាប់ពី​ការ​ធ្លាក់​យន្តហោះ​ដ៏​គ្រោះថ្នាក់​បំផុត​ កាល​ពី​មួយ​ថ្ងៃ​មុនដែលសម្លាប់​មនុស្ស​ទាំងអស់​ ៧១​នាក់​នៅ​លើ​យន្តហោះ​នៅ​ខាងក្រៅ​ទីក្រុង​មូស្គូ​។

​​លោក​ប្រធានាធិបតី វ៉ា្ល​ឌី​មៀ ពូ​ទីន បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​គណៈកម្មការ​ពិសេស ស៊ើបអង្កេតពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ AN-148 ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុម​អាកាសចរណ៍ Saratov Airlines ធ្លាក់​នៅ​ខាងក្រៅ​ទីក្រុង​មូស្គូ​ភ្លាមៗ​ ក្រោយ​ហោះហើរ​ទៅកាន់​ទីក្រុង Orsk ​ក្នុង​តំបន់ Orenburg ចម្ងាយប្រហែល​ ១៥០០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូងរដ្ឋធានី​នេះ។​ ហើយ​ក្រុម​អ្នកស៊ើប​អង្កេតបាន​ច្រានចោល​ភ្លាមៗថា​ ការ​ធ្លាក់​យន្តហោះកាលពី​ថ្ងៃអាទិត្យ​មិនមែន​ជា​ការវាយប្រហារភេរវកម្ម​ទេ​។

​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ដែល​អាច​កើតឡើង ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ធ្វើ​ការសន្និដ្ឋានស្ថានភាព​អាកាសធាតុ, កត្តា​មនុស្ស និងលក្ខខណ្ឌបច្ចេកទេសរបស់យន្តហោះនោះ។ ក្រុម​អាកាសយានិក​មិនបាន​បញ្ជូនសញ្ញាសុំ​ជំនួយ​ណាមួយឡើយ៕
អត្ថបទ៖ សុខ​មាន