សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ ៖ ​កងទ័ព​ជា​កម្លាំង​ស្នូល​ធំ​បំផុត​សម្រាប់​ការពារ​សុខ​សន្តិភាព​ និង​សណ្តាប់ធ្នាប់​ប្រទេស

47

ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​លើកឡើង​ថា​ កង​យោធពល​ខេមរភូមិន្ទ​គឺជា​កម្លាំង​ស្នូល​ធំ​បំផុត​សម្រាប់​ការពារ​សុខ​សន្តិភាព​ និង សណ្តាប់ធ្នាប់​ ជូន​ដល់​ប្រជាពលរដ្ឋ​ និង​ប្រទេសជាតិ​ ដូច្នេះ​ក្នុងនាម​ជា​កងទ័ព​មិន​អនុញ្ញាត​ឲ្យ​សង្គ្រាម​ កើតឡើង ​នៅ​ប្រទេស​កម្ពុជា​ វិញ​ជាដាច់ខាត​មិន​ថា​កាលៈទេសៈ ​ណា​នោះ​ឡើយ​។

ការលើកឡើង​របស់​ប្រមុខ​ការ​ពារជាតិ​រូបនេះ​ យ៉ាង​ដូច្នេះ នា​ថ្ងៃទី​១៣ ​ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ក្នុង​ឱកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​ នាយទាហាន​សកម្ម​ជំនាន់​ ទី​១៨​ នៅ​សាលា​នាយទាហាន​សកម្ម​(​ត្មាត​ពង​)​ ដែល​ស្ថិតនៅ​ស្រុក​ឧត្តុង្គ​ ខេត្តកំពង់ស្ពឺ​។

សម្តេច​ពិជ័យ​សេនា បាន​លើកឡើងថា​ សន្តិភាព​គឺជា​កត្តា​ធំ​បំផុត​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​ដូច្នេះ​កងទ័ព​ទាំងអស់​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​នូវ​សុខសន្តិភាព​ដែល​កំពុងមាន នាពេល​បច្ចុប្បន្ននេះ​។ ជាងនេះទៅទៀត​សម្តេច​ពិជ័យ​សេនា​ក៏បាន​អំពាវនាវ​ដល់​កងទ័ព​ទាំង អស់​មិន​ត្រឹមតែ​យល់ដឹង​អំពី​វិជ្ជាជីវៈ​កងទ័ព​ប៉ុណ្ណោះ​នោះទេ ត្រូវតែ​នាំគ្នា​ស្វែងយល់​អំពី​ច្បាប់ ​និង​សង្គម​បន្ថែមទៀត​ផងដែរ​ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ធនធានមនុស្ស ក្នុង​វិស័យ​ការ​ពារជាតិ​កាន់ តែមាន​ប្រសើរ​បន្ថែមទៀត​ផងដែរ​។

ជាមួយគ្នា​នោះដែរ​សម្តេច​ពិជ័យ​សេនា ​ក៏បាន​បញ្ជាក់​ជាថ្មី​ម្តងទៀត​ផងដែរ​ថា​ កង​យោធពល​ខេមរភូមិន្ទ​ ស្អាប់​រាល់​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជានិច្ច ​មិន​ថា​ ពេលវេលា​ណា​នោះ​ឡើយ​។

នៅក្នុង​កម្មវិធី​នោះដែរ​សម្តេច​ពិជ័យ​សេនា​ទៀ ​បាញ់ ​ក៏បាន​អំពាវនាវ​ដល់​កងទ័ព​នៃ​កង​យោធពល​ខេមរភូមិន្ទ​ជាថ្មី​ម្តងទៀត​ផងដែរ​ថា ​ត្រូវតែ​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ​នូវ​ពាក្យស្លោក​របស់​សម្តេច អគ្គ​មហាសេនាបតី​តេ​ ជោ ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​«​ងូត​ទឹក ឆ្លុះ កញ្ចក់ ដុះ ក្អែល​ និង​វះកាត់​ផង​ដែរ​»​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កំណែទម្រង់​របស់​ប្រមុខ ​រាជរដ្ឋាភិបាល​អនុវត្ត​​ឲ្យ​បាន​ជោគជ័យ​។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ ក៏បាន​បញ្ជាក់ប្រាប់​ដល់​ក​ង​ទ័ព​ទាំងអស់​ថា​ នៅក្នុង​ឆ្នាំ​២០១៨​នេះ​រាជរដ្ឋាភិបាល​ក៏បាន​ដំឡើង​ប្រាក់បៀវត្សរ៍ ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់​ថ្នាក់​ដូច​ការ​សន្យា​ផងដែរ ​ហើយ​ការដំឡើង​នេះ​គឺជា​ការ​យកចិត្តទុកដាក់​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​ក្នុង​លើកកម្ពស់​ជីវភាព​រប​ស់​កងកម្លាំង​គ្រប់រូប ​ក៏ដូចជា​ក្រុម​គ្រួសារ​របស់​ពួកគេ​យ៉ាង​ដូច្នេះ​ដែរ​៕