យុទ្ធនាការ​ក្រមា​«ការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ១០០០​ម៉ែត្រ​

288

ភ្នំពេញ ៖ ​យុទ្ធនាការ​ក្រមា​«ការ​បំបែក​ឯតទគ្គ​កម្ម ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ​១០០០​ម៉ែត្រ​បាន​ចាប់ផ្តើម​បើក​ដំណើរការ​ត្បាញ​ នៅ​ថ្ងៃទី​១៤ ​ខែកុម្ភៈ​ឆ្នាំ​ ២០១៨ ​ស្ថិតនៅ​ទីតាំង​សួនច្បារ​វាល​ព្រះមេរុ ​ដែល​បើក​ជា​សាធារណៈ​ដល់​បង ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ដោយ ​មិន​ប្រកាន់​និន្នាការ​ ដើម្បី​អញ្ជើញ​ចូលរួម ​ត្បាញ​ក្រមា​ដោយ​ផ្ទាល់ដៃ​។

យុទ្ធនាការ​ក្រមា​“​ការ​បំបែក​ឯតទគ្គ​កម្ម ​ក្រមា​វែង​ ជាងគេ​លើ​ពិភពលោក​១០០០ ​ម៉ែត្រ​ ត្រូ​វបាន​នាំមក​ ជូន​បងប្អូន​ប្រជាជន​ខ្មែរ ​ទាំងអស់គ្នា​ ក្នុង​គោលបំណង​ធំៗ​៣​ រួមមាន​ ៖

-​លើក​កម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​នៅ​លើ​ឆាក​អន្តរជាតិ​។​

-​បង្កើត​ការ​រួមចំណែក​ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ​ដើម្បី​រួមគ្នា​ថែរក្សា​ និង​លើកស្ទួយ​មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ

-​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព ​និង​ឯកភាព​ជាតិ ​តាមរយៈ​ការរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​សម្រាប់​ជាតិ​។

គួរបញ្ជាក់​ផង​ដែរ​ថា​ ៖ GoGoCambodia​ គឺជា​ចលនា​ថ្នាក់​ជាតិ​មួយ​ដែល​កើតចេញ​ ពី​ឆន្ទៈ​កូន​ខ្មែរ​ធ្វើ​ឡើង​ ក្នុង​គោលបំណង​លើក​កម្ពស់​មោទនភាព​ជាតិខ្មែរ​ និង​បង្ហាញ​ពី​សក្ដានុពល​របស់​ កម្ពុជា​ នៅ​គ្រប់​វិស័យ​ និង​ជា​វេទិកា​សម្រាប់​យុវជន​ខ្មែរ​គ្រប់រូប​អាច​បង្ហាញ​នូវ​មោទនភាព​របស់​ខ្លួន​ក្នុងនាម​ជា​កូន​ខ្មែរ​ក៏​ ដូចជា​ មោទនភាព​ជាតិ​ទៅដល់​សហគមន៍​ អន្តរជាតិ​។​

យុទ្ធនាការ​ក្រមា​“​ការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​“​គឺជា​សក្ខីភាព​មួយ​ក្នុង​ចំណោម​លទ្ធភាព​ដែល​ប្រជា​ជាតិ​ខ្មែរ​អាចធ្វើ​អ្វីៗ ​រួមគ្នា​ ក្នុង​ស្មារតី​ “​ជឿថា​ខ្មែរ​ធ្វើបាន​“​។​

បងប្អូន​ប្រជាពលរដ្ឋ​ទាំ​ង​អស់​អាច​ក្លាយ​ជា​ចំណែក​របស់​យុទ្ធនាការ​បាន​តាមរយៈ​ ​ចូលរួម​ត្បាញ​ក្រមា ដែល​មាន​ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក​ដើម្បី​បំបែក​កំណក់ត្រា​ពិភពលោក​រួមគ្នា​។ការ​ចូលរួម​ជា​អ្នកគាំទ្រ​តាមរយៈ​ការ​ដើរ​តួនាទី​ជា​អ្នកចូលរួម​ស្ម័គ្រចិត្ត ​ក៏ដូចជា​អ្នក​ឧបត្ថម្ភ​ជាមួយ​ការ​បរិច្ចាគ​សប្បុរស​ធម៌​។ ចូលរួម​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ដទៃទៀត​ ដែល​ពុំ ទាន់​ទទួល​បាន​ព័ត៌មាន​ពី​យុទ្ធនាការ​ក្រមា ​ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​បាន​ចូលរួម​។ ការចូលរួម​ជា​អ្នក​រួម​ ចំណែក​បង្កើត ច្នៃប្រឌិត ​ឬ​រៀបចំ​សកម្ម​ ភាព​នានា ​រួម​ក្នុង​ស្មារតី​“​ជឿថា ​ខ្មែរ​ធ្វើបាន​“​និង ការដើរ​តួ​ជា​ទូត​សុឆន្ទៈ​បន្ត​ទស្សនៈ​ និង​មនោគមន៍​វិជ្ជា “​ជឿថា ​ខ្មែរ​ធ្វើបាន​“​ដើម្បី​កសាង​ស្នាដៃ​សមិទ្ធផល ​និង​មោទនភាព​ជាតិ​សម្រាប់​គ្រួសារ ​សង្គម​និង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ទាំងមូល​។

ក្រមា​គឺជា​អត្តសញ្ញាណ​ជាតិ ជា​របស់​ប្រើប្រាស់​របស់​ប្រជាជន​ទូទៅ​ដោយ​ មិន​ប្រកាន់​វណ្ណៈ​ និន្នាការ​ឋានៈ សង្គម ​និង​សាសនា​ឡើយ​ ហើយ​ជា​រឿងរ៉ាវ​ប្រវត្តិ សាស្ត្រ​នៃ​ប្រជាជាតិ​ខ្មែរ​។​ គោលបំណង​នៃ​ការ​ជ្រើសរើស​យក​ក្រមា ​មក​បំបែក​កំណត់ ត្រា​ពិភពលោក​ព្រោះ​ក្រមា​បាន​បង្ហាញ​ពី​ការ​តស៊ូ ​អំណត់ ព្យាយាម​របស់​សិប្បករ​ក្នុង​ការ​ត្បាញ​ក្រមា​នីមួយៗ ​ព្រម ​ទាំង​ការ​ឆ្លុះបញ្ចាំង​ពី​អត្តចរិត ​ពិត​របស់​ប្រជា​ពល រដ្ឋ​ខ្មែរ​៕