ក្រសួង​ការងារ​ ចាប់​ផ្ដើម​ធ្វើការ​ងារ​ទាក់ទង​ នឹង​កម្មករ​ដួល សន្លប់

95

ភ្នំពេញ ៖ ​​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ ​នៃ​គណៈកម្មាធិការ​ជាតិ ​សុខភាព​ និង​សុវត្ថិភាព​ការងារ (​គ​.​ជ​.​ស​.​ក​) ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ​អ៊ិត សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។

កិច្ចប្រជុំ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ ​និង​ភាគី​ពាក់​ព័ន្ធ​ គួរ​សិក្សា​ស្រាវជ្រាវ​រក​មូលហេតុ ទាក់ទង​នឹង​ករណី​ដួល​សន្លប់ របស់​បងប្អូន​កម្មករ ​និយោជិត​កន្លងមក ​ហើយ​បើសិនជា​ក្រសួង​ការងារ​ខ្វះ​សមត្ថភាព​ គឺ​អាច​ទាក់ទង​អ្នកឯកទេស​ខាង​សុខាភិបាល​ខាង​វិស័យ​ការងារ​ឲ្យ​ជួយ​មើល ​ជាពិសេស​អង្គការ​សុខភាព​ពិភព​លោក ដើម្បី​ពិនិត្យមើល​បាតុភូត​ដួល​សន្លប់​នេះ​ថា ​បណ្តាល​មកពី​បញ្ហា​អ្វី​ពិតប្រាកដ ​ដើម្បី​រក​វិធីសាស្ត្រ​បញ្ចៀស​ពី​បញ្ហា​នេះ ​ផងដែរ​។

ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ​បាន​លើក​ឡើងថា ​ដើម្បី​ឆ្លើយតប​ នឹង​ការងារ​នេះ ​ក្រុមការងារ​តែងតែ​ចាត់​វិធានការណ៍​ និង​តែងតែ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ទៅដល់​កម្មករ​ និយោជិត​នៅ​តាម​រោងចក្រ សហគ្រាស​ គ្រឹះស្ថាន​ឯកជន​នានា​។

ឯកឧត្តម​ បន្តថា ជា​វិធានការណ៍​ទប់ស្កាត់​ករ​ណី​ដួល​សន្លប់​នេះដែ​រ ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏បាន​ចេញ​សេចក្តីជូនដំ​ណឹង​មួយ ឲ្យ​រោងចក្រ​សហគ្រាស​នានា​ បង្កើត​នូវ​ក្របខ័ណ្ឌ​មួយចំនួន ​ដើម្បី​ត្រួតពិនិត្យ​នូវ​សុវត្ថិភាព​មុន​ពេល​បើក​ឲ្យ​ដំណើរការ​។

មន្ត្រី​ជំនាញ​ក្រសួង​ការងារ ឯកឧត្តម ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ជាតិ​សុខភាព​និង​សុវត្ថិភាព​ការងារ​ បាន​ឲ្យ​ដឹងថា​ នាយកដ្ឋាន​គ្រោង​បង្កើត​ ឲ្យ​មាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​ ផ្តល់យោបល់​ និង​ទប់ស្កាត់​ករណី​ដួល​សន្លប់​របស់​កម្មករ និយោជិត​នៅតាម ​សហគ្រាស គ្រឹះស្ថាន ដើម្បី​ពិនិត្យ ​និង​ផ្តល់​យោបល់​លើ​គោល​នយោបាយ និង​ដំណោះស្រាយ​ ដើម្បី​ទប់ស្កាត់​ការ​ដួលសន្លប់ ​និង​គ្រោះថ្នាក់​ការងារ​នៅ​កន្លែង​ធ្វើការ​។

លោក​ បន្តថា ក្រសួង​ក៏​នឹង​រៀបចំ​កម្មវិធី​អប់រំ និង​ផ្សព្វផ្សាយ​អំពី​ការទប់ស្កាត់​ការ ​ដួលសន្លប់​ និង​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ ​និង​សិក្សា​ស្រាវជ្រាវ ​ដោយ​ផ្ទាល់​អំពី​វិធីសាស្ត្រ​ថ្មី ក្នុង​ការ​ទប់ស្កាត់​ការ​ដួលសន្លប់ និង​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ​ជាដើម​។​ល​៕