មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ៖ ឥណ្ឌា​នឹង​បន្ត​ផ្ដល់​អាហារូបករណ៍​ដល់ សិស្ស និស្សិត កម្ពុជា​

60

ភ្នំពេញ៖​ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋ​សភាព ព្រឹទ្ធសភា និង​អធិការកិច្ច បាន​បញ្ជាក់​ថា ឥណ្ឌា នឹង​បន្ដ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត ជួយ​ជួសជុល​ប្រាសាទតាព្រហ្ម និង​បន្ដ​ផ្ដល់ ប្រាក់កម្ចី​ឥណ្ឌា​ទាន​នានា ដើម្បី​អភិវឌ្ឍន៍​ពិសេស​បន្ដ ផ្ដល់​បទពិសោធន៍ ផ្នែក​ធនធានមនុស្ស និង​អធិការកិច្ច​។​

លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់​បែបនេះ ខណៈ​លោកជំទាវ​ទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី ម៉ា​នី​កា ចេ​ន (Manika jain) ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ចន្ទ ១២​រោច ខែមាឃ ឆ្នាំរកា​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង ថ្ងៃទី​១២ កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​។

លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់ថា​កម្ពុជា ឥណ្ឌា នឹង​បង្កើន​ការសហការ ជាមួយគ្នា​បន្ថែមទៀត លើ​វិស័យ​វប្បធម៌ ជំនឿ​សាសនា ពាណិជ្ជកម្ម ព្រោះ​ឥណ្ឌា​គឺជា​ដៃគូរ កិច្ចសហប្រតិបត្ដិការ យ៉ាងសំខាន់ ក្នុង​ក្របខណ្ឌ​តំបន់ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន​។

ដោយឡែក​ជាមួយ​កម្ពុជា មាន​ទំនាក់ទំនង​ពិសេស តាំងពី​បុរាណកាល បន្ត​ដល់​បច្ចុប្បន្ន និង​ពេលអនាគត​។ កម្ពុជា ឥណ្ឌា មាន​ប្រវត្តិសាស្ត្រ​ស្រដៀង​គ្នា ដូចជា​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស ប្រកាន់ខ្ជាប់​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ធ្លាប់​ទទួលរង​ការជិះជាន់​ពីរ​បប​អាណានិគម និង​បាន​តស៊ូ ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​ដូចគ្នា និង​មាន វប្បធម៌ ប្រពៃណី​មួយផ្នែកធំ​ប្រហាក់ប្រហែលគ្នា​។​

លោកជំទាវ ​បាន​រំលឹកថា ដោយសារ​ទំនាក់ទំនង​ដ៏​ល្អ​នេះ ដំណើរ​បំពេញ​ទស្សនៈកិច្ច​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ឥណ្ឌា​កាលពី​ថ្ងៃទី២៤ ​ដល់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ ២០១៨ កិច្ចព្រមព្រៀង​ចំនួន​៤ វ​បាន​ចុះហត្ថលេខា​រួម មាន​១.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការ​ទប់ ស្កាត់ការជួញដូរ​មនុស្ស។ ២.​សន្ធិសញ្ញា​ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​លើ​បញ្ហា​ព្រហ្មទណ្ឌ​។ ទី​៣. កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌។ ទី​៤. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន ៣៦,៩២ លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង អភិវឌ្ឍន៍ ធនធាន​ទឹកស្ទឹង​ស្វាហាប់​។

លោកស្រី ម៉ា​នី​កា ចេ​ន (Manika jain) បាន​បញ្ជាក់ថា ឥណ្ឌា និង​បន្ដ​ទំនាក់ទំនង ដ៏​ល្អ​ជាមួយ​កម្ពុជា ដោយ​សន្យា​នឹង​បន្ដ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត ជួយ​ជួសជុល​ប្រាសាទតាព្រហ្ម និង​បន្ដ​ផ្ដល់ ប្រាក់កម្ចី​ឥ​ណ្ឌ​ទាន នានា ដើម្បី​អភិវឌ្ឍ​ន៏ ពិសេស​បន្ដ​ផ្ដល់​បទពិសោធន៍ ផ្នែក​ធនធានមនុស្ស និង​អធិការកិច្ច ឲ្យ​កាន់តែ​រឹងមាំ រីកចំរើន ថែមទៀត​។

លោកស្រី​បន្ដថា ឥណ្ឌា​ត្រៀម​សហការ​ជានិច្ច ដើម្បី​ធ្វើការ​អភិវឌ្ឍ​នានា ក្នុង​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ឥណ្ឌា ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ជាពិសេស លើ វិស័យ ការងារ​អធិការកិច្ច និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​៕