វិនិយោគិន​វ័យក្មេង​ចំណាយ​ទុន​ជាង​១​លាន​ដុល្លារ​វិនិយោគ​បង្កើត​ផ្សារ​ទំនើប​នៅ​ជាយក្រុង

55

ភ្នំពេញ ៖​ សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា​មួយ​រូប​ បាន​ចំណាយ​ទុន​ជាង​១​លាន​ដុល្លារ ​អាមេរិក​វិនិយោគ​បង្កើត​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ​ឈ្មោះ ​ផ្សារ​ខន​ធើរ​ន័​រ​ឃ្វែរ ​ស្ថិត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។

លោក តាំង វេ​ង​ហេង អគ្គនាយក​ក្រុមហ៊ុន​ផ្សារ ខន​ធើរ​ន័​រ​ឃ្វែរ ​ (Container Square) ​បាន​ថ្លែង​កាលពី​ថ្ងៃទី​១២​ខែ​កុម្ភៈ ​នេះ​ថា ពីមុន​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​មិន​សូវមាន​ការ​អភិវឌ្ឍ​​នោះទេ ​ប៉ុន្តែ​ក្រោយមក​តំបន់​នេះ​ មា​នក​ក្រុមហ៊ុន​វិនិយោគ​មក​ច្រើន​ ទើប​ក្រុមហ៊ុន​ខន​ធើរ​ន័​រ​ឃ្វែរ ​សម្រេចចិត្ត​ចាប់​យក​ទីតាំង​នេះ ដើម្បី​វិនិយោគ​បង្កើត​ជា​ផ្សារ​ថ្មី​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយ​ និង​ទុក​វិនិយោគ​ជាង​១​លាន​ដុល្លារ​អាមេរិក​។

លោក​បាន​បន្តទៀតថា បច្ចុប្បន្ននេះ​ផ្សារ​បង្កើត​ថ្មី​ឈ្មោះ​ផ្សារ ខន​ធើរ​ន័​រ​ឃ្វែរ​រយៈពេល​៤​ ខែ​មកហើយ​ មាន​តូប​លក់ដូ​ចំនួន​៦០៤​តូប ​ហើយ​មាន​កន្លែង​កម្សាន្ត​ច្រើន​ទៀត ​តាម​បែប​សម័យ​និង​មាន​ទីតាំង​ធំ​ទូលាយ ​ដែល​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​អាច​លក់​ដូរ​ ​បាន​និង​ស្វែងរក​ប្រាក់ចំណូល​ដល់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​តំបន់​នេះ​ផង​ដែរ​។

លោក​ បាន​លើកឡើងថា ផ្សារ​នេះ​ថ្មី​មែនហើយ​គឺជា​ផ្សារ​បែប​ទំនើប​ជា​គេ​នៅ​រាជធានី​ភ្នំពេញ​ហើយ​វត្តមាន​ផ្សារ​នេះ នឹង​ជួយ​ផ្តល់​ភាព​ទាក់ទាញ​បន្ថែម​ទៀត​ដល់​អតិថិជន​ដែល​នឹង​ផ្តល់​ឱកាស​ដល់​ផលិតផល​ខ្មែរ​អាច​លក់ដូរ​ស្វែងរក​ប្រាក់ចំណូល​ប្រចាំថ្ងៃ​បាន​។

អ្នក​វិនិយោគិន​ខាងលើ បាន​​បន្ថែមថា តាមរយៈ​វត្តមាន​ផ្សារ ខន​ធើរ​ន័​រ​ឃ្វែរ​ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​នេះ​ នឹង​គឺជា​អាជីវកម្ម​ទីមួយ​របស់​លោក​ហើយ​ការ​វិនិយោគ​នេះ ​នឹង​បើក​ឲ្យ​ផលិត​ផល​ខ្មែរ​យើង​អាច​លក់​ផលិតផល​ក្នុងស្រុក​បាន​ច្រើន​ដោយ​មិន​បង់​ប្រាក់​ថែមទៀត​ផងដែរ​។

ចំណែក​អាជីវករ​លក់ដូរ​វិញ​ បាន​លើកឡើងថា ​ការបង្កើត​ផ្សារ ខន​ធើរ​ន័​រ​ឃ្វែរ ​នេះ​បាន​ផ្តល់​ឱកាស​ច្រើន​ដល់​ប្រជាពលរដ្ឋ​ និង​អាជីវករ​នៅ​តំបន់​នេះ​ មានការ​ងារ​ធ្វើ​នឹង​បង្កើន​ប្រាក់ចំណូល​ចូល​គ្រួសារ​របស់​ពួកគាត់​បន្ថែម​ទៀតហើយ​តាមរយៈ​ផ្សារ​នេះ​ទៅមុខ​ទៀត​ នឹង​មាន​ការ​គាំទ្រ​កា​ន់តែច្រើន​។​

ផ្សារ​ខន​ធើរ​ន័​រ​ឃ្វែរ (Container Square) មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​សម្តេច​ជាស៊ីម​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ​ រាជធានី​ភ្នំពេញ ហើយ​នេះ​ជា​ការ​វិនិយោគ​ថ្មី​មួយទៀត​របស់​សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា​ដែល​បង្កើត​ភាព​សម្បូរ​បែប​ក្នុង​តំបន់​ជាយក្រុង​ជាទី​ប្រជុំ​ជាន់ ​មាន​ហាង​លក់​ម្ហូបអាហារ ភេសជ្ជៈ និង​សំលៀកបំពាក់​បែប​ថៃ​ បែប​ខ្មែរ​ជាច្រើន​ប្រភេទ​។

អ្នក​វិនិយោគិន​ខាងលើ​មាន​សុទិដ្ឋិនិយម​ថា តាមរយៈ​ការវិនិយោគ​ផ្សារ ​ខន​ធើរ​ន័​រ​ឃ្វែរ​ នេះ​នឹង​ផ្តល់​ឱកាស​កាន់​តែច្រើន​ថែមទៀត​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​មានការ​ងារ​ធ្វើ​បង្កើន​សេដ្ឋកិច្ច​ក្នុងស្រុក និង​មិនបាច់​ចំណាយ​ពេល​ធ្វើដំណើរ​កម្សាន្ត​ទៅលេង​កម្សាន្ត​នៅ​ទីក្រុង​ភ្នំពេញ​នោះទេ ព្រោះ អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ក្នុង​ក្រុង​៕