រដ្ឋាភិបាល​កម្ពុជា​បង្កើត​ក្រុមការងារ​ថ្មី​មួយ​ ដើម្បី​សិក្សា​ស្រាវជ្រាវ​ទាក់ទង​ការ​ដួលសន្លប់

51

ភ្នំពេញ៖​ រដ្ឋ​មន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា ក្រសួង​ការងារ នឹង​បង្កើត​ឲ្យ​មាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ ផ្តល់យោបល់ ដើម្បី​ទប់ស្កាត់​ករណី​ដួលសន្លប់​របស់​កម្មករ និយោជិត នៅ​តាម​សហគ្រាស​គ្រឹះស្ថាន ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ​។​

មានប្រសាសន៍ប្រាប់​ដល់​អ្នក​សារ​ព័ត​មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ​នា​ព្រឹក​ថ្ងៃទី​១៣ កុ​ម្ភៈ ឆ្នាំ​២០១៨​នេះ ឯកឧត្តម ​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់​ទៀតថា ដើម្បី​ដោះស្រាយ​ករណី​ដួលសន្លប់​របស់​កម្មករ និយោជិត ក៏​ដូចជា ករណី​ដួលសន្លប់​ជារួម និង​អនុវត្ត​ទៅតាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បានផ្តល់​អនុសាសន៍​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ធើ្វ​ការ​ជា​ដៃគូ​ជាមួយគ្នា ដើម្បី​ពិនិត្យមើល​បាតុភាព​ដួលសន្លប់​នេះ​ថា​មកពី​បញ្ហា​អ្វី​ពិតប្រាកដ ដើម្បី​ស្រាវជ្រាវ​បញ្ហា ហើយ​រក​វិធី​បញ្ចៀស​បញ្ហា​ហ្នឹង​ឲ្យ​បាន​។

ឯកឧត្តម​បាន​បន្តថា មូលហេតុ​សំខាន់​បណ្តាល​ឲ្យ​មាន​ករណី​ដួលសន្លប់​កន្លងមក​មាន​ចំនួន​៧ រួមមាន បណ្តាលមកពី​កត្តា​គីមី កត្តា​រូបសាស្ត្រ កត្តា​ចិត្តសាស្ត្រ​សង្គម កត្តា​ការរៀបចំ​ប៉ុ​ស្ត៍​ការងារ កត្តា​មេកានិច កត្តា​ជីវសាស្ត្រ និង​លក្ខខណ្ឌ​ការងារ​។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ទុន សោភ័ណ អ្នកសម្របសម្រួល​ថ្នាក់ជាតិ​ប្រចាំ​កម្ពុជា នៃ​អង្គការ​ការងារ អន្តរជាតិ​ខាង​ការងារ (​អាយ​ឡូ​) បាន​ថ្លែងថា ការបង្កើត​ឲ្យ​មាន​ក្រុមការងារ​នេះ​ពិតជា​ល្អ ព្រោះ​ក្រុមការងារ​នឹង​ចុះ​ធ្វើការ​អប់រំ​ទៅលើ​ការផ្តល់​អាហារូបត្ថម្ភ ដល់ក​ម្មករ និយោជិត​ឲ្យ​មានការ​យល់ដឹង ដើម្បី​ឲ្យ​គាត់​មាន​សុខភាព​ល្អ ដែល​អាច​កាត់បន្ថយ​នៅ​ហានិភ័យ នៃ​ការដួលសន្លប់ និង​ធ្វើ​ការអប់រំ​ផងដែរ ទាក់ទង​នឹង​ការរៀបចំ​នៅ​កន្លែងធ្វើការ ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​សុវត្ថិភាព ពិសេស​មើលទៅ​លើ​ការរៀបចំ​ទុកដាក់ នៅក្នុង​រោងចក្រ សហគ្រាស​ជាដើម​។​ល​។​៕