មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ ស្នើ​ឲ្យ​ឥណ្ឌា​ជួយ​ធ្វើ​ផ្លូវ​ល្បឿន​លឿន

55

ភ្នំពេញ ៖ ​ ស្របពេល​ប្រទេស​កម្ពុ​ជា​មាន​កំណើន​សក្ដានុពល​ពាណិជ្ជកម្ម​វិនិយោគ​កាន់​តែ​ច្រើន​​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ស្នើ ​ ភាគី​ឥណ្ឌា​ធ្វើ​ផ្លូវ Highway​ ត​ភ្ជាប់​ពី ឥណ្ឌា ថៃ មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ​ ដើម្បី​សំដៅ​ទំហំ​ពាណិជ្ជកម្ម​អោយ​កាន់តែ​ធំ​។

នៅ​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨​នេះ ឧបនាយករដ្ឋមន្ត្រី ហ៊ោ ណាំហុង ​បាន​អនុញ្ញាត​អោយ​លោក​ជំទាវ ម៉ា​នី ជេន​កា អគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ដែល​ទើបនឹង​តែងតាំង​ថ្មី ​ជួប​សម្តែង​ការគួរសម បន្ទាប់ពី​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​កាលពី​ថ្មីៗ​នេះ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ ដើម្បី​ពង្រឹង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​អោយ​កាន់តែ​ស៊ីជម្រៅ​រវាង​កម្ពុជា​ និង​ឥណ្ឌា​។

ក្នុងជំនួប​នោះដែរ​ឯកឧត្តម ហ៊ោ ​ណាំហុង ​បាន​បញ្ជាក់​ជូន​លោកជំទាវ ម៉ា​នី ​ជេន​កា​ថា​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​២​កាន់ តែ​រីកចម្រើន​នោះ ​ត្រូវការ​មានការ​ផ្លាស់ប្ដូរ​ពាណិជ្ជ​កម្ម​អោយ​សម ​នឹង​សក្ដានុពល​ប្រទេស​ទាំង​២ ​និង​ជំរុញ​អោយ​មាន​ការ​វិនិយោគ​កាន់​តែច្រើន​ថែមទៀត​។ យ៉ាងណាក្តី ឯកឧត្តម ​លើកទឹកចិត្ត​ភាគី​ឥណ្ឌា បង្កើត​ការហោះហើរ​ត្រង់​ឥណ្ឌា​កម្ពុជា ​ជា​ការ​ជំរុញ​អោយ​មាន​អ្នក​ទេសចរណ៍​មក​ទស្សនា​ប្រទេស​ទាំង​២​ កាន់តែច្រើន ​ជាពិសេស ​ឯកឧត្តម ​ហោ​ ណាំហុង​ បាន​ស្នើ​ឲ្យ​ភាគី​ឥណ្ឌា ​កសាង​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា​ដើម្បី​ភ្ជាប់​កម្ពុជា​ទៅ​ឥណ្ឌា​ ថៃ មី​យ៉ាន់​ម៉ា និង​ឡាវ​។

ករណីនេះ លោកជំទាវ ម៉ា​នី ជេន​កា​ បាន​ថ្លែងថា ​ក្នុង​ក្របខ័ណ្ឌ​មេគង្គ គង្គា ​ឥណ្ឌា​នឹង​បង្កើន​ការ​ទ្រទ្រង់​គម្រោង​បាន​ផល​ឆាប់រហ័ស​នៅ​កម្ពុជា ពី​៥ ទៅ ១០​គម្រោង​ក្នុង​១​ឆ្នាំ​ តែ​ទោះជា​យ៉ាងណា​លោកជំទាវ ​មិនទាន់​ឆ្លើយតប​យ៉ាងណា​ចំពោះ​ការ​ស្នើសុំ​កសាង​ផ្លូវ​ល្បឿន​លឿន​ដែល​ភាគី​កម្ពុជា​ស្នើសុំ​នេះ​នៅឡើយ​ទេ​ ហើយ​ថា ​លោកស្រី​នឹង​ជម្រាប​ការ​ស្នើសុំ​នៅ​រដ្ឋាភិបាល​ឥណ្ឌា​៕