កង​យោធា​សហរដ្ឋ​អាមេរិក​​ដ៏​ធំ​បំផុត​​បាន​ធ្វើ​សម​យុទ្ធ​​យោធា​រួម​​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ថៃ

96

ថៃ៖ កង​ទ័ព​​អាមេរិក​​ដ៏​ធំ​បំផុត​​ បាន​ចូល​រួម​សម​យុទ្ធ​យោធា​​ប្រចាំ​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​ថៃ​​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​​ ទោះ​បី​ជា​​​មាន​​ភាព​ចម្រូងចម្រាស​ទៅ​លើ​​របប​យោធា​ថៃ​ ដែល​​បាន​អញ្ជើញ​​កង​ទ័ព​មីយ៉ាន់ម៉ា​​ជិត​ខាង ​ដែល​​ជាប់​​ចោទ​ពី​បទ​បោស​​សំអាត​ពូជ​សាសន៍​​ឲ្យ​មក​ចូល​រួម​​ក៏​ដោយ​។

សហរដ្ឋ​អាមេរិក​​បាន​កាត់​បន្ថយ​​នូវ​ការ​​ចូល​រួម​​របស់​ខ្លួន​​ នៅ​ក្នុង​សម​យុទ្ធ​​​យោធា​​ពហុជាតិ​​ដែល​ជា​សម​​យុទ្ធ​​ដ៏​ធំ​បំផុត ​​របស់​អាស៊ី​​មាន​ឈ្មោះ​ថា ពស់​វែក​មាស​ បន្ទាប់​ពី​មាន​​​រដ្ឋ​ប្រហារ​​ឆ្នាំ​២០១៤ ​នៅ​ក្នុង​ប្រទេស​ថៃ​មក។ ប៉ុន្តែ​​ទំនាក់ទំនង​​រវាង​​របប​យោធា​​ថៃ និង​​សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រសើរ​ឡើង​វិញ​ដោយ​សារ​តែ​​លោក ត្រាំ ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​​។

​វត្តមាន​​នៃ​បុគ្គលិក​យោធា​អាមេរិក​ចំនួន ៦៨០០​នាក់​គឺ​ស្ទើរ​តែ​​ជា​ចំនួន​ទ្វេដង ​​នៃ​ចំនួន​កង​ទ័ព​ដែល​​មាន​វត្តមាន​​កាល​ពី​ឆ្នាំ​មុន​ ដើម្បី​ជា​ការ​បង្ហាញ​នូវ​ការ​បន្ត​ដំឡើង​សាច់​ដុំ​​ របស់​អាមេរិក​នៅ​ក្នុង​តំបន់​មួយ​ ដែល​ជា​កន្លែង​ចិន​កំពុង​តែ​​បង្កើន​កម្លាំង​យោធា​​យ៉ាង​ច្រើន ​​ដែល​ពុំ​​ធ្លាប់​មាន​ពី​មុន៕​

អត្ថបទ៖ មករា