រដ្ឋសភា​បាន​អនុម័ត​ទាំង​ស្រុង​ហើយ​នូវ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ដើម្បី​ការពារ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ

146

ភ្នំពេញ៖ ​រដ្ឋសភា​បាន​អនុម័ត​ទាំង​ស្រុង​ហើយ​នូវ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី ​ដើម្បី​ការពារ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ ដោយ​មិន​អនុញ្ញាត​មាន​ការ​ប្រមាថ​ទោះ​បី​តាម​រូប​ភាព​ណាក៏​ដោយ​ ។

សេចក្តី​ព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ ត្រូវបានរដ្ឋសភា លើកយកមកពិភាក្សា និង​អនុម័ត នៅ​ក្នុង​សម័យ​ប្រជុំ​ ជា​វិសាមញ្ញ ​នីតិកាល​ទី​៥ ​នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ នៅ​វិមាន​រដ្ឋសភា ​ជាមួយ​នឹង​របៀប​វារៈ​ចំនួន​៣ផ្សេង​ទៀត ​ក្រោម​អធិបតីភាព​ សម្តេច​ពញា​ចក្រី​ ហេង សំរិន ​ប្រធាន​រដ្ឋសភា ​ព្រម​ទាំង​វត្ត​មាន​សម្តេច​តេជោ​ ក្នុង​នាម​ជា​តំណាង​រាស្ត្រ​មណ្ឌល​កណ្តាល ​រួម​ជាមួយ​វត្ត​មាន​អ្នកតំណាង​រាស្ត្រ ​មក​ពី​គណបក្ស​នយោបាយ​ទាំង​៤ ​ចំនួន​១២៣​រូប​។

យោង​សេចក្តី​ថ្លែង​ហេតុ ​អំពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រម​ព្រហ្ម​ទណ្ឌ​នេះ ​ព្រះ​មហាក្សត្រ​ទ្រង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត ​ដោយ​ប្រតិបត្តិតាម​រដ្ឋ​ធម្មនុញ្ញ និង​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។​ នៅក្នុង​ការ​បំពេញ​ឋានៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ អង្គ​ព្រះមហាក្សត្រ ​ត្រូវ​បាន​ធានា ​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​ ជាពិសេស​កថាខណ្ឌ​ទី​៣ ​នៃ​មាត្រា៧​ ដែល​ចែង​ថា ​អង្គ​ព្រះមហាក្សត្រ ​មិន​អាច​រំលោភ​បំពាន​បាន​ឡើយ​។​ ​អំពើ​ប៉ះពាល់​ទោះបី​តាម​រូបភាព​ណា​ក៏ដោយ​ដល់​អង្គ​ព្រះ​មហាក្សត្រ ​ត្រូវ​បាន​ចាត់​ទុក​ជា​បទឧក្រិដ្ឋ​ ឬ​មជ្ឈឹម ​ដែល​ត្រូវ​ផ្តន្ទា​ទោស​យ៉ាង​ធ្ងន់ធ្ងរ​។ ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ​ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធធនាគារ​ពី​១​ឆ្នាំ ​ទៅ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ ទៅ​១០​លាន​រៀល​។ ​ចំពោះ​នីតិបុគ្គល ​ក៏អាច​ត្រូវ​បាន​ផ្តន្ទាទោស​ពិន័យជា​ប្រាក់ពី​១០​លាន​ ទៅ​៥០​លាន​រៀល​ ព្រម​ទាំង​ទោស​បន្ថែម​មួយ​ ឬ​ច្រើន​ ក្នុង​ករណី​ ដែល​តុលាការ​រក​ឃើញ​ថា ​មាន​ពិរុទ្ធភាព ​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ ​ចំពោះ​អង្គ​ព្រះមហាក្សត្រ។​

      ដោយ​ឡែក​របៀប​វារៈ​បីផ្សេង​ទៀត​ រួមមាន

-ការ​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ ច្បាប់​ស្តីពី​វិសោធន​កម្ម​មាត្រា ​៣៤ ​មាត្រា ​៤២ ​មាត្រា ​៤៩ មាត្រា៥៣ និងមាត្រា ១១៨ ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។

-ការ​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​មាត្រា​ ២៦ ​ មាត្រា ​២៨​ មាត្រា ​៣១ និងមាត្រា ៣២​នៃ​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។

-ការ​ពិភាក្សា​ និង​អនុម័ត​សេចក្តី ​ ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ជំរុញ​នឹង​សម្រួល​ពាណិជ្ជ​កម្ម​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​កម្ពុជា​-ឡាវ​ -និង​វៀតណាម ​ក៏ត្រូវ​បាន​សម័យ​ប្រជុំ​វិសាមញ្ញ ​នីតិកាល​ទី​៥​ ធ្វើ​ការ​ពិភាក្សា ​និង​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ក្នុង​សម្លេង​១២៣ ​លើ​១២៣​រូប​ ផង​ដែរ​៕