ឯកអគ្គរដ្ឋទូត​ថ្មី​វៀតណាម​ប្រចាំ​កម្ពុ​ជា ​កោតសរសើរ​ពី​សន្ទុះ​នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា

30

ភ្នំពេញ ៖ ​ឯកអគ្គរដ្ឋទូត​ថ្មី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ កោតសរសើរ​ពី​សន្ទុះ​ នៃ​ការ​រីក​ចំរើន ​របស់​ប្រទេស​កម្ពុជា​ ជាពិសេស​កំណើន​សេដ្ឋកិច្ច​ស្រប​ពេល​ដែល​កម្ពុជា ​និង​វៀតណាម កំពុង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​វិស័យ​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​។

ឯកឧត្តម ​វូ ​ក្វាង​មិញ​ ឯកអគ្គរដ្ឋទូត​ថ្មី ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​ជំនួប​សម្ដែង ​ការគួរ​ចំពោះ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន ​សំអន​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ ព្រឹទ្ធសភា ​និង​អធិការកិច្ច នា​ទីស្តីការក្រសួង ​កាលពី​រសៀល​ថ្ងៃ​១៣ កុម្ភៈ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សន្ទុះ​នៃ​ការ​រីកចំរើន​របស់​ប្រទេស កម្ពុជា​ ជាពិសេស​កំណើន​សេដ្ឋកិច្ច ស្រប​ពេល​ដែល​កម្ពុជា និង​វៀតណាម​កំពុង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ​ដែល​មាន​កំណើន​ប្រមាណ ៣០% កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​។

ឯកអគ្គរដ្ឋទូត​វៀតណាម​បាន ​គូសបញ្ជាក់ថា ​កម្ពុជា​ជា​ប្រទេស​មាន​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ខ្លាំង និង​ឆាប់រហ័ស ​ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ឃើញថា ​កម្ពុ​ជា​មាន ​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ជាងគេ ​ដែល​អាច​រក្សា​បាន​នូវ​កំណើន​ប្រចាំឆ្នាំ ៧% ​ដែល​នេះ​ជា​ការ​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​ល្អ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។

ឯកឧត្តម វូ ក្វាង​មិញ បាន​ចាត់ទុក​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ និង​វៀតណាម​ថា​ជា​ទំនាក់ ​ទំនង​មួយ​ដ៏​ជិតស្និទ្ធ​ ព្រោះថា ​ប្រទេស​ទាំងពីរ​មាន​ព្រំដែន​ជាប់​គ្នា និង​ធ្លាប់​ជួយ​គ្នា​ទៅវិញ ​ទៅមក​ក្នុង​គ្រា​លំបាក​។ ឯកឧត្តម​ ថា សម្រាប់​បេសកកម្ម​ការទូត​ប្រចាំ​នៅ​កម្ពុជា​ នាពេលនេះ ​ឯកឧត្តម​ នឹង​ខិតខំ​ប្រឹងប្រែង ​បំពេញការងារ​អោយ​ទទួល​បាន​ជោគជ័យ​ ដើម្បី​ប្តូរ​យកមក​វិញ​ នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ​បន្ថែមទៀត​សម្រាប់​ប្រទេស​យើង ​ទាំងពីរ​។

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា កម្ពុជា និង​វៀតណាម ពិតជា​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​នៅលើ​គ្រប់ផ្នែក​ គ្រប់​វិស័យ ដែល​ប្រទេស​ទាំង ពីរ​ត្រូវ​បន្ត​ធ្វើ​កិច្ចការ​នេះ​ជា​បន្តទៀត ​ដើម្បី​ជា​ការ​នាំមក​នូវ​ប្រយោជន៍​សម្រាប់​ប្រទេស និង ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ​លោកជំទាវ​បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ ក្តៅ​បំផុត​ចំពោះ​ឯកឧត្តម​ វូ ក្វាង​មិញ ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​តែងតាំង​ជា​ឯកអគ្គ រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​កម្ពុជា​៕