ថ្ងៃនេះ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ចាប់ផ្ដើម​ទទួល​ពាក្យ​ប្រកួត​ស្វែងរក​ស្ដេច​អុកចត្រង្គ​

130
រូបឯកសារ

អុកចត្រង្គ៖ ​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​អត្តសញ្ញាណ​ជាតិ និង​ស្វែង​រក​ស្ដេច​អុកចត្រង្គ​អបអរ​សារ​ទរ​អង្គរ​សង្ក្រាន្ត​២០១៨ ក្រោម​ប្រធានបទ “​សាទរ​មរតក​ដូនតា​ខ្មែរ​” សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​បើក​ការ​ប្រកួត​អុកចត្រង្គ​រដូវ​កាល​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨ ដោយ​ត្រៀម​ប្រកួត​ជម្រុះ ៣​ដំណាក់​កាល និង​មាន​ការ​ចូល​រួម​ទាំង ២៥​ខេត្ត និង​រាជធានីដោយ​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ​តទៅ​ហើយ​។

រូបឯកសារ

​​បើ​តាម​សេចក្ដី​ជូនដំណឹង​របស់​សហព័ន្ធបាន​ឲ្យ​ដឹង​ថា ​ការប្រកួត​ត្រូវ​បាន​បែង​ចែក​ជា ៧​មណ្ឌល ហើយ​ក្នុង​មណ្ឌល​នីមួយៗ​យ៉ាងតិច​មាន​បេក្ខជន​ពី ៣ ទៅ ៤ខេត្តចូលរួម​។​ មណ្ឌល​ទី​១ ព្រះសីហនុ មាន​ខេត្ត​ព្រះសីហនុ, ខេត្ត​កែប, ខេត្ត​កំពត និង​ខេត្ត​កោះកុង​។​ មណ្ឌល​ទី​២ កំពង់ស្ពឺ មាន​ខេត្ត​កំពង់ស្ពឺ, ខេត្ត​កំពង់ឆ្នាំង, ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ​។​ មណ្ឌល​ទី​៣ កំពង់ចាម​ មាន​ខេត្ត​កំពង់ចាម, ​ខេត្ត​ត្បូងឃ្មុំ​, ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង​។​ មណ្ឌល​ទី​៤ បាត់ដំបង ​មាន​ខេត្ត​បាត់ដំបង​, ខេត្ត​ពោធិ៍សាត់​ និង​ខេត្ត​ប៉ៃលិន​។​ មណ្ឌល​ទី​៥ សៀមរាប មាន​ខេត្ត​សៀមរាប, ខេត្ត​កំពង់ធំ, ខេត្ត​ព្រះវិហារ, ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ​។​ មណ្ឌល​ទី​៦ ក្រចេះ មាន​ខេត្ត​ក្រចេះ, ខេត្ត​ស្ទឹងត្រែង, ខេត្ត​រតនគិរី និង​មណ្ឌលគិរី​។​ មណ្ឌល​ទី​៧ ភ្នំពេញ មានតែ​រាជធានី​ភ្នំពេញ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​បេក្ខជន​ច្រើន​ចូល​ប្រកួតប្រជែង​។​

រូបឯកសារ

​​សូម​បញ្ជាក់​ថា ការប្រកួត​នៅ​តាម​មណ្ឌល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ តទៅ​ដោយ​ជម្រើស​យក​តាម​មណ្ឌល​តែ ៣​នាក់​ប៉ុណ្ណោះ​មក​ប្រកួត​នៅ​ថ្នាក់​ជាតិ, ដំណាក់កាល​ទី​២ ជ្រើស​យក​ចំនួន ៨​រូប​ដើម្បី​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​យក​ចំណាត់ថ្នាក់​លេខ​១ ស្ដេច​អុក​តែ​ម្ដងនៅ​ឯ​មុខ​ប្រាសាទ​អង្គរ​ខេត្ត​សៀមរាប​នៅ​ខែ​មេសា ពោល​គឺ​នៅ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​តែ​ម្ដង​៕