ការ​រីកចម្រើន​វិស័យ​ថាមពល​គឺជា​ជោគជ័យ​មួយ​របស់​កម្ពុជា

76

 

ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ ​និង​ថាមពល​ បាន​ថ្លែងថា​ គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​គឺ​ធ្វើយ៉ាង​ណា​ជំរុញ​ឲ្យ​អគ្គិសនី​ឲ្យ​មាន​ស្ថិរភាព ​គុណភាព ​សុវត្ថិភាព​ និង​មាន​អគ្គិសនី​គ្របដណ្ដប់ ​ទូទាំងប្រទេស​ ហើយ​មានតម្លៃ​ទាប​ និង​គោរព​ឲ្យ​បាន​នូវ​ការ​មិន​បំពុល​បរិស្ថាន​ គឺជា​ជោគជ័យ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ឯកឧត្តម​ ស៊ុយ ​សែម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ ​និង​ថាមពល ​បាន​ថ្លែង​លើកឡើង​នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម ជាមួយ ឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូត​អាឡឺម៉ង់ ​នៅ​ទីស្តីការក្រសួង ​ថ្ងៃទី​១៣ ខែកុម្ភៈ​ម្សិល​ម៉ិ​ញ​​ថា ​​ការអភិវឌ្ឍន៍​វិស័យ​អគ្គិសនី​មកដល់​ដើមឆ្នាំ​២០១៨​នេះ​ កម្ពុ​ជា​មាន​ខ្សែ​បញ្ជូន​សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​តាម​ភូមិ​បាន​ចំនួន​៨១%​នៅ​ទូទាំងប្រទេស​។ ​ចំណែក​ផ្ទះ​ប្រជាជន​ ដែល​បាន​ត​ភ្ជាប់​អគ្គិសនី ​បាន​កើន​ដល់​ចំនួន​ជាង​៦៨% ​និង​មាន​ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ចាប់ពី​ឆ្នាំ​២០១៥២០២០ ហើយ​នៅ​ឆ្នាំ​២០២០ ​គ្រប់​ភូមិ​ទាំងអស់ ​នៅ​ទូទាំងប្រទេស ​នឹង​មាន​ខ្សែភ្លើង​ទៅដល់​ ហើយ​៧៥%​នៃ​លំនៅឋាន​ទូទាំង​ប្រទេស ​នឹងមាន​ភ្ជាប់​អគ្គិសនី​ប្រើប្រាស់​។

ឯកឧត្តម រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ​ដោយមាន​ការ​គិតគូរ​ខ្ពស់​ពី​រាជរដ្ឋាភិបាល ​និង​ក្រសួង​ប្រតិបត្តិ​ការងារ​នេះ​ផ្ទាល់ ​មកដល់​បច្ចុប្បន្ននេះ​កម្ពុ​ជា ​មាន​ប្រភព​វា​រី​អគ្គិសនី​៧​កន្លែង​កំពុងដំណើរការ ​ដែល​អាច​ផ្តល់​ថាមពល​បាន​ជាង​១៣២៩​មេ​ហ្គា​វ៉ា​ត់ ​ក្នុងនោះ​ប្រភព​ចេញពី​ធ្យូងថ្ម​មាន​៥៣៨​មេ​ហ្គា​វ៉ា​ត់​។ ប្រភព​មកពី​រោងចក្រ​ដុត​ប្រេង​ខ្មៅ​២៥១ មេ​ហ្គា​វ៉ា​ត់​។ ប្រភព​ថាមពល​កកើត​ឡើងវិញ​ជាង​៧២ ​មេ​ហ្គា​វ៉ា​ត់​ និង​ប្រភព​អគ្គិសនី ចែកចាយ​អគ្គិសនី​តូចៗ​ មាន​១០​មេ​ហ្គា​វ៉ា​ត់​។​ សរុប​ទាំងអស់​កម្ពុ​ជា​មាន​ថាមពល​ដែល​កំពុង​ផ្គត់ផ្គង់​ជាង​២២០១ ​មេ​ហ្គា​វ៉ា​ត់ ​នៅ​ដើមឆ្នាំ​២០១៨​នេះ ។

ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​អគ្គិសនី​វិញ ឯកឧត្តម រដ្ឋមន្ត្រី ​បាន​លើកឡើងថា​ សម្រាប់​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ធ្វើ​យ៉ាង​ជំរុញ​ឲ្យ​អគ្គិសនី​ឲ្យ​មាន​ស្ថិរភាព ​គុណភាព​ សុវត្ថិភាព និង​មាន​អគ្គិសនី​គ្របដណ្តប់ ​ទូទាំងប្រទេស​ មានតម្លៃ​ទាប និង​ការ​គិតគូរ​ខ្ពស់​អំពី​បរិស្ថាន​ ដែល​បាន​ជំរុញ​ឲ្យ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ ទទួល​បាន​ជោគជ័យ​មួយ​យ៉ាង​ធំ ​សម្រាប់​បំពេញ​តម្រូវ​ការ ប្រើប្រាស់​ ជាពិសេស​ការផ្តល់​ផលប្រយោជន៍ ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេសជាតិ​ទាំងមូល​។

ឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូត​អាឡឺម៉ង់​ប្រចាំ​កម្ពុជា ​បាន​លើកឡើងថា​ វិស័យ​ថាមពល​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ផ្គត់ផ្គង់​ដល់​សកម្មភាព​នៃ​ការអភិវឌ្ឍន៍ ​ហើយ​សម្រាប់​អ្នកសេដ្ឋកិច្ច​អាឡឺម៉ង់ ​ក៏​ដូច​អ្នកវិនិយោគ​ដទៃទៀត​នៅ​កម្ពុជា ​ពិតជា​ត្រូវការ​ណាស់​លើ​ថាមពល​អគ្គិសនី ជាពិសេស​អគ្គិសនី​ដែល​មាន​គុណភាព និង​តម្លៃ​សមរម្យ ដើម្បី​បម្រើ​នៅ​ក្នុង​តម្រូវការ នៃ​ការអភិវឌ្ឍន៍​របស់​ពួកគេ ។

ឯកឧត្តម​ បន្តថា ទាក់ទិន​នឹង​វិស័យ​អគ្គិសនី​នេះដែរ ​នៅ​ប្រទេស​អាឡឺម៉ង់ ​ក៏​ជា​បញ្ហា​ប្រឈម​យ៉ាង​ធំ​សម្រាប់​ប្រើប្រាស់​ និង​អ្នក​វិនិយោគ​ផងដែរ ​ព្រោះ​អគ្គិសនី​ ដែល​កំពុង​ផ្គត់ផ្គង់​បច្ចុប្បន្ន​មានតម្លៃ​ស្មើ​ នឹង​កន្លះ​ដុល្លារ​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង ​ជា​តម្លៃ​មួយ​បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ ដែល​សង្គម​អាល្លឺម៉ង់​កំពុង​យកចិត្ត​ទុក​យ៉ាង​ខ្លាំង​ផងដែរ​៕