សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ទទួល​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​យុវជន ITF Junior 2018

45

វាយ​កូន​បាល់៖ ​ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ទទួល​សិទ្ធិ​រៀបចំព្រឹត្តិការណ៍​ការប្រកួត​ពានរង្វាន់​យុវជន ITF Junior ២០១៨ ខណៈ​ដែរ​កីឡាករ​យុវជន​ចំនួន ​៤​នាក់​កំពុងតែ​ខិតខំ​ហ្វឹកហាត់ និង​ដើម្បី​ពង្រឹង​សមត្ថភាព​ ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​។​​ថ្លែងប្រាប់ BTV កាលពី​ម្សិលមិញ​នេះ លោក ជា ពៅ គ្រូ​ជម្រើស​ជាតិ​កីឡា​វាយ​កូន​បាល់ និង​ជា​គណៈកម្មា​ធិការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត Junior ITF បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​មាន ​១៦​ប្រទេស​ចូលរួម សរុប​កីឡាករ​កីឡា​ការិនី​ទាំងអស់ ​៦៤​នាក់​។ ដោយឡែក​យើង​ជា​ម្ចាស់ផ្ទះ​មាន​កីឡាករ​តែ ​៤​រូប​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចូលរួម​ប្រកួត ព្រោះ​ជា​គោលការណ៍​ក្នុង​ការ​ចុះឈ្មោះចូលរួម​ប្រកួត ​គឺ​ផ្ដល់​អតិ​ភាព​ដល់​ប្រទេស​ដែល​ជា​សមាជិក និង​មាន​ចំណាត់ថ្នាក់​ពិភពលោក​។ ហើយ​សម្រាប់​យើង​ជា​ម្ចាស់ផ្ទះបាន​ត្រៀម​កីឡាករ​យុវជន​ចំនួន ​៤​នាក់​រួចរាល់​ហើយ​ដែរ ក្នុង​ការ​ប្រកួត​លើ​ ២​វិញ្ញាសា​គឺ​វិញ្ញាសា​វាយ​គូ និង​វិញ្ញាសា​វាយ​ទោល​។​ ​លោក​បាន​បញ្ជាក់​ចំពោះ​កីឡាករ​ទាំង​ ៤​នាក់​របស់​កម្ពុជា​យើង​សម្រាប់​ឆ្នាំនេះ​ គឺ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន ជ្រើសរើស​ចេញពី​ក្រុម​កីឡាករ​ថ្នាល និង​មាន​សមត្ថភាព​គ្រប់គ្រាន់ ​ត្រៀម​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​ក្រុម​ធំ​។

តែ​លោក​នៅតែ​ព្រួយបារម្ភ​ព្រោះ​ព្រឹត្តិការណ៍​ប្រកួត Junior ITF ២០១៨​នេះ មាន​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ពិភពលោក​ដាក់ពាក្យ​ចូលរួម​ច្រើន​ដូចជា ប្រទេស​ឥណ្ឌា និង​ញ៉ូហ្ស៊ីឡែន​ជាដើម​។ ​សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​នៃ​ការប្រកួត Junior ITF នឹង​ចាប់ផ្ដើម​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ខាងមុខនេះ​នៅ​មជ្ឈមណ្ឌល​កីឡា Cambodia Country Club៕