ពលរដ្ឋ​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ស្អុយ​ហូរ​លើផ្លូវ ​ក្នុង​ប្រជុំជន​ក្រុង​ទេសចរណ៍

112

 

ព្រះសីហនុ ៖ ​​ខេត្ដ​ព្រះសីហនុ ជា​ខេត្ដ​មួយ ​ក្នុងចំណោម​ខេត្ដ​ទាំង​បួន​ជាប់មាត់​សមុទ្រ ​ដែល​មាន​ឆ្នេរសមុទ្រ​ ស្រស់​ល្អ​ស្អាត​ ហើយ​ត្រូវ​បាន​ទទួល​កិត្តិនាម​ថា​ ឆ្នេរ​ស្អាត​ជាងគេ​ក្នុង​ពិភពលោក ​ជាតា​រា​រៈ​នា​ទិសនិរតី ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ ពី​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ​ មក​លម្ហែ​កម្សាន្ត​នៅ​ខេត្ដ​នេះ​យ៉ាង​ច្រើន​កុះករ​។ ​ប៉ុន្ដែ​ហេតុអ្វី​មាន​ករណី​បំពុល​បរិស្ថាន ខ្លះ ​បានកើត​ឡើងជា​យូរ​ខែ​ឆ្នាំ​ហើយ មិន​ព្រម​ដោះស្រាយ​។

ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ពិសេស រស់​នៅតាម​បណ្តោយ​ផ្លូវ​៥០០ ឆ្នេរ​អូរ​ឈើទាល ក្នុង​សង្កាត់ លេខ​៤ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បំបាត់​បញ្ហា​ទឹកស្អុយ ​ដែល​ហូរ​កាត់​លើផ្លូវ​ជា​យូរ​មកហើយ​នោះ​។

ប្រជាពលរដ្ឋ បាន​ប្រាប់​​ថា បញ្ហា​ទឹកស្អុយ​ហូរ​លើផ្លូវ​នេះ វា​បាន​កើត​ឡើងជា​យូរ ​ណាស់​មកហើយ រហូត​ឡើង​ដុះ​ស្លែ ​ដែល​មាន​ក្លិនស្អុយ​ប៉ះពាល់​បរិស្ថាន​យ៉ាងខ្លាំង ដោយសារ​ក្លិនស្អុយ​ពិបាក​ទ្រាំ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ទេសចរ​។

លោក ពេ​ជ សារី ប្រធានការិយាល័យ​ទឹក​កខ្វក់ នៃ​មន្ទីរ​សាធារណការ ​និង​ ដឹកជញ្ជូន​ ខេត្ដ​ព្រះសីហនុ​ បានឲ្យ​ដឹងថា ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹកស្អុយ​នេះ ​គឺ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​លោក​ ប៉ុន្ដែ​បញ្ហា​នេះ គឺ​ស្ថិត​នៅក្នុង​គម្រោង របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB)​

លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​បញ្ជាក់ថា ពាក់ព័ន្ធ​រឿង​លូ និង ផ្លូវ មិនមែន​ក្រុង​ជា​អ្នក គ្រប់គ្រង​ទេ គឺជា​បន្ទុក​របស់​មន្ទី​រ​សាធារណការ​ ដោយឡែក​ក្នុងនាម​ជា​អាជ្ញាធរ ​មិនមែន​ថា​អត់​ទទួលខុសត្រូវ​នោះ ​ទេ ទាំង​លូ និង ផ្លូវ​។​ ទាំង​ផ្លូវ ទាំង​លូ មន្ទីរ​មាន​ទាំង​កញ្ចប់​ថវិកា និង គ្រឿងចក្រ​ក្នុង​ការ​គ្រប់គ្រង​ថែរក្សា រឿង​ បរិស្ថាន ដូចជា​បញ្ហា​ទឹក​ស្អុយ​នេះ ​រឿង​មន្ទីរ​បរិស្ថាន ប៉ុន្តែ​មិន​បន្ទោស​ទៅលើ​មន្ទីរ​ទេ ​ហើយ​អាជ្ញាធរ​គ្រាន់តែ​សហការ​ ជួយ​សម្រួល​សណ្ដាប់ធ្នាប់​ផ្សេងៗ ហើយ​បញ្ហា​ផ្លូវ ​ឬ លូ​ខូច បន្ទោស​មក​អាជ្ញាធរ​ក្រុង​/​ខេត្ដ​នោះ ​មិន​ត្រូវ​ទេ​។

លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​ក្រុង​/​ខេត្ដ ​បានដឹង​ពី​បញ្ហា​ខាងលើ​នេះដែរ​ ប៉ុន្ដែ​រង់ចាំ​គម្រោង​រៀបចំ ប្រព័ន្ធ​លូ​នានា ក្នុង​ក្រុង​របស់​ធានា​គារ​អភិវឌ្ឍ​អាស៊ី (ADB)​។ ​ហើយ​ចំពោះ​បញ្ហា​នេះ មិនមែន​ថា អាជ្ញាធរ​ក្រុង​/​ខេត្ដ ​និង មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​ព្រងើយ​នោះទេ ​គឺ​កំពុង​រក​ដំណោះស្រាយ​ថា​ធ្វើ​យ៉ាងដូចម្តេច​នោះ​។

លោក ស​មុត សុធា​រិ​ទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ដ​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ​លោក​នឹង​ដាក់​ក្រុមការងារ​ចុះ​ធ្វើ តែ​ត្រូវ​រង់ចាំ​ការ​សុំ​សហការ​ពី​រដ្ឋបាល​ក្រុង​ជាមុនសិន​ ដែល​អនុក្រឹត្យ​បាន​ផ្ទេរ​ភារកិច្ច​នេះ​ឲ្យ​៕