អំពើ​ហិង្សា​​​ក្នុង​ប្រទេស​កុងហ្គោ​​ធ្វើ​ឲ្យ​​​មនុស្ស​ជាង​ ២​ម៉ឺន ២​ពាន់​​នាក់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​អ៊ុយហ្កង់ដា

55

កុងហ្គោ៖ ទីភ្នាក់ងារ​​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​​ហៅ​កាត់​​ UNHCR បាន​និយាយ​​កាល​ពី​ថ្ងៃ​​អង្គារ​ម្សិលមិញ​ថា ​មនុស្ស​ជាង ២​ម៉ឺន​ ២​ពាន់​នាក់ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កុងហ្គោ​​ ទៅ​កាន់​ប្រទេស​អ៊ុយហ្កង់ដា​​​កាល​ពី​សប្ដាហ៍​មុន​ បន្ទាប់​ពី​មាន​​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​​​ក្រុម​កុលសម្ព័ន្ធ​​ នៅ​ភាគ​​ឦសាន​​ប្រទេស​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​​​មក​ដល់​កើន​ឡើង​​ដល់​ ៣ម៉ឺន ៤​ពាន់​​នាក់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក។

​យ៉ាង​ហោច​ណាស់​​មនុស្ស ៣០​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត ​​ក្នុង​ការ​វាយប្រហារ​​រវាង​ក្រុម​គង្វាល​សត្វ​ Hema និង​ក្រុម​កសិករ​ Lendu នៅ​ក្នុង​ខេត្ត​ Ituri ក្នុង​ខែ​នេះ​។ ​ការ​ប៉ះ​ទង្គិច​​ជា​ច្រើន​​លើក​​បាន​ធ្វើ​ឲ្យ​គេ​​នឹក​ឃើញ​ដល់​ក្រុម​កុលសម្ព័ន្ធ​ Hema និង​ក្រុម​កសិករ Lendu រាប់​ពាន់​នាក់​​បាត់បង់​ជីវិត​ អំឡុង​​សង្គ្រាម​ស៊ីវិល​​ដែល​បាន​បញ្ចប់​​ក្នុង​ឆ្នាំ​២០០៣។ ​UNHCR បាន​រាយការណ៍​ថា ​ជន​ភៀស​ខ្លួន​មួយ​ចំនួន​​កំពុង​ឆ្លង​កាត់​​បឹង​​ធំ​បំផុត​​ទី៧ របស់​អាហ្វ្រិក​​ដោយ​ជិះ​ទូក​​កាណូត និង​តាម​ទូក​នេសាទ​​​ពេញ​ៗ​ ការ​ធ្វើ​ដំណើរ​នេះ​​​អាច​ចំណាយ​ពេល​​រហូត​ដល់ ១០​ម៉ោង។ ​ជន​ភៀស​ខ្លួន​​ ៤​នាក់​បាន​លង់​ទឹក​​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​​​កន្លង​ទៅ​​ បន្ទាប់​ពី​ទូក​ដែល​​ពួក​គេ​ជិះ​​ក្នុង​ដំណើរ​​គ្មាន​គោលដៅ ​​​អស់​រយៈ​ពេល ២​ថ្ងៃ​នោះ​បាន​ក្រឡាប់​​លិច។

​ពលរដ្ឋ​​កុងហ្គោ​ជាង ១សែន ២ម៉ឺន​នាក់​បាន​ភៀស​ខ្លួន​ ទៅ​កាន់​ប្រទេស​ជិត​ខាង​​មួយ​ចំនួន​​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​​​លោក​ប្រធានាធិបតី​ ចូសេស​ កាប៊ីឡា ​បដិសេធ​មិន​ចុះ​ចេញ​​ពី​មុខ​តំណែង​​ ចុង​អាណត្តិ​របស់​លោក​ក្នុង​ខែ​​ធ្នូ​ឆ្នាំ​២០១៦៕

អត្ថបទ៖ រិទ្ធី