មេឃ​ខៀវ Manchester City លត់​ក្រុម​ម្ចាស់ផ្ទះ​ស្វី​ស FC Basel 4-0 ជើង​ទី​១ Champions League

50

បាល់ទាត់៖ ក្រុម​មេឃ​ខៀវ Manchester City មិន​លំបាក​ឡើយ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ បន្ទាប់ពី​បាន​យកឈ្នះ​ក្នុង​លទ្ធផល​ធំធេង 4-0 ទៅលើ​ក្រុម​ម្ចាស់ផ្ទះ FC Basel កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ។

​​ចំពោះ​ការប្រកួត​វិញ​ក្នុង​វគ្គ​ទី១ ម្ចាស់ផ្ទះ​ពិតជា​រង​សម្ពាធ​ខ្លាំង​ ក្រោយពី​ក្រុម​ភ្ញៀវ Manchester City អាច​ស្វែង​រក​បាន​ដល់​ទៅ ៣​គ្រាប់​ផ្ទួនៗ​គ្នា ដែល​គ្រាប់​ដំបូង​ផ្តើម​ចេញពី​ការ​ធ្វើ​បាន​ដោយ​កីឡាករ llkay Guendogan ក្រោយ​ការ​ហុច​បាល់​ពី Kevin de Bruyne នាទី​ទី១៤ មុន​ពេល​ដែល​កីឡាករ​ខ្សែ​បំរើ Bernado Silva បន្ថែម​ការ​នាំ​មុខ 2-0 នៅ​នាទី​ទី១៨ ដែល​លើក​នេះ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Raheem Sterling ជា​អ្នក​បញ្ជូន ខណៈ​ដែល​កីឡាករ​ខ្សែប្រយុទ្ធ​ដែល​ធ្វើ​បាន ៤គ្រាប់​ម្នាក់​ពេល​យកឈ្នះ Leicester City 5-1 សញ្ជាតិ​អា​ហ្ស​ង់​ទិន Sergio Aguero ជា​អ្នក​ស៊ុត​គ្រាប់​ទី៣ នាំមុខ 3-0។​ ​​ដោយឡែក​ឯ​ការ​ប្រកួត​បន្ត​ក្នុង​វគ្គ​ទី២ ម្ចាស់ផ្ទះ​ស្វី​ស FC Basel នៅតែ​គ្មាន​លទ្ធភាព​រក​គ្រាប់​បាល់​បាន ផ្ទុយទៅវិញ​ក្រុម​អ្នក​មាននៅ​អង់គ្លេស​មួយ​នេះ​រក​គ្រាប់​ធានា​ជ័យជំនះ 4-0 ដោយ​កើតចេញពី​កីឡាករ llkay Guendogan នៅ​នាទី​ទី៥៣។​

​​ឆ្លង​តាមរយៈ​ជ័យជំនះ​ដ៏​ធំធេង​នេះ​ធ្វើ​ឲ្យ​ក្រុម Manchester City មាន​អាត្រា​ភាគរយ​ខ្ពស់បំផុត​ក្នុង​ការ​ឡើង​ទៅលេង​វគ្គ ៨ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ UEFA Champions League ស្របពេល​ដែល​ជើង​ទី២ ថែមទៀត​ និង​ធ្វើឡើង​នៅ​កីឡដ្ឋាន Etihad Stadium ទីក្រុង Manchester ប្រទេស​អង់គ្លេស៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ