ដំណាំ​ម្រេច​តំបន់​អា​រ៉ែ​ង ហុច​ផល​ច្រើន ប៉ុន្តែ​ខ្វះ​ទីផ្សារ

151

កោះកុង ៖ ​ប្រជាកសិករ​ជាង​៣០​គ្រួសារ នៅ​ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្មបាំង បានឱ្យដឹងថា ​ទិន្នផល​ដំណាំ​ម្រេច​តំបន់ អា​រ៉ែ​ង ​បាន​ហុច​ផល​ច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ​ក៏ប៉ុន្តែ​ពួកគាត់​បង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​កង្វះ​ការ​ផ្សព្វផ្សាយ ​ទាក់ទង​រក​ទីផ្សារ​។

ក្រៅពី​តែ​ប្រកបមុខរបរ​កសិកម្ម​ដាំ​ដំណាំ​ក្រូច ចេក កៅស៊ូ សៅ​ម៉ៅ ម្ឃុត ​និង ធូ​រេ​ន ​ផលិតផល​ម្រេច​ក៏​ជាទី​ចាប់អារម្មណ៍​ច្រើន​ខ្លាំង​ណាស់ដែរ​ សម្រាប់​កសិករ​នៅក្នុង​ទឹកដី​តំបន់​អា​រ៉ែ​ង ​ស្រុក​ថ្មបាំង ខេត្ត កោះកុង ដោយ​ផ្តើម​ដាំ​ដុះ​តាំងតែ​ពី​ឆ្នាំ​២០១៥​មកទល់​បច្ចុប្បន្ន​។ ​រីឯ​គុណភាព​ម្រេច​អារ៉ែ​ង ​វិញ គឺ​ទទួល​បាន​លិខិតបញ្ជាក់​គុណភាព​សម្គាល់​ទីតាំង​ភូមិសាស្ត្រ ពី​ក្រសួងពាណិជ្ជកម្ម ​មិន​ចាញ់​ដំណាំ​ម្រេច​ពី​បណ្តា​ខេត្ត​ដទៃទៀត​ដែរ​។

តំណាង​សមាគម​អ្នក​ដាំ​ដំណាំ​ម្រេច​អា​រ៉ែ​ង​ បាន​ប្រាប់ថា ​ក្នុងចំណោម ជាង​៣០​គ្រួសារ ​នៃ​សមាគម​កសិករ​ដាំ​ដំណាំ​ម្រេច​ជា​លក្ខណៈ​គ្រួសារ ​សម្រេច​ទទួល​បរិមាណ​ផល​ម្រេច ជាង​១០​តោន​ ក្នុង​១​ឆ្នាំៗ ​ស្មើនឹង​៨​ពាន់​ជន្លង់​។ ត្បិត​ទទួល​បាន​ផល​ច្រើន​ក្នុង​មួយឆ្នាំៗ​បែបនេះ​ក្តី ក៏​ពួក គាត់​អះអាង​ថា ប្រាក់ចំណូល​ដែល​បានម​កពី​ប្រមូល​ផល​គ្រាប់​ម្រេច​នៅ​ទាប​នៅឡើយ​ ពីព្រោះ​ពុំមាន​ទាន់​ មាន​ឈ្មួញ ​ចុះមក​ទិញ និង ខ្វះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អោយ​បាន​ទូលំទូលាយ​។

សមាគម​កសិករ​ដាំ​ម្រេច​នៅ​ខេត្តកោះកុង បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ធ្វើយ៉ាងណា​ ឲ្យ​មាន​ទីផ្សារ​សមរម្យ ​ទើប​កសិករ​មានលទ្ធភាព​ពង្រឹង​ការ​ដាំ​ម្រេច ​ដើម្បី​ពង្រីក​ជីវភាព​គ្រួ​សារ​បាន​រីកចម្រើន​។

លោក អន សុធា​រិ​ទ្ធ អភិបាលស្រុក​ថ្មបាំង បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ន ក្នុង​មូលដ្ឋាន​នេះ​ គឺ​ប្រជាកសិករ កំពុង​មាន​និន្នាការ​នាំគ្នា​ដាំ​ដុះ​ដំណាំ​ម្រេច​ច្រើន​ មិនថាតែ​តំបន់​អា​រ៉ែ​ង​ទេ​។ ​លោក និង ប្រជាកសិករ កំពុង រៀបចំ​ចងក្រង​សហគមន៍​អ្នក​កសិករ​ដាំ​ម្រេច ​អោយ​ត្រូវ​តាម​ស្តង់ដារ​ជាមុនសិន ​ដើម្បី​សិក្សា​តម្រូវការ​ទីផ្សារ ជាពិសេស នាំ​យក​ម្រេច​នេះ​ទៅ​ចូលរួម​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ផលិតផល​១​ភូមិ​១​។

ផល​ម្រេច​តំបន់​អា​រ៉ែ​ង គឺអាច​ប្រមូលបាន​ចន្លោះ​ពី​ខែមករា ​ដល់​ដើមខែ​មិថុនា ​លើ​ផ្ទៃដី​ប្រមូល​ផល ជិត​១៣ ហិកតា​។ ​តម្លៃ​ម្រេច​អា​រ៉ែ​ង សម្រាប់​លក់​ចេញ ​ត្រូវបាន​ចែកចេញជា​៤​ប្រភេទ​ ទី​១ ម្រេច​ខ្ចី ១​គីឡូក្រាម ថ្លៃ​១​ម៉ឺន​រៀល ទី​២ ម្រេច​ខ្មៅ កន្លះ​គីឡូ ថ្លៃ​២​ម៉ឺន​៥​ពាន់​រៀល ​ទី​៣ ម្រេច​ក្រហម កន្លះ​គីឡូ ថ្លៃ​៤​ម៉ឺន​ រៀល និង​ទី​៤​ ម្រេចស​ កន្លះ​គីឡូ តម្លៃ​៥​ពាន់​រៀល​។ តែ​ទោះជា​ យ៉ាងណាក៏ដោយ​ បញ្ហា​តម្លៃ​ធ្លាក់​ចុះ​នៃ​ទី ផ្សារ​ម្រេច​ គឺ​មិន​ចោទ​តែ​លើ​កសិករ​តំបន់​ អា​រ៉ែ​ង ​នោះទេ ​បណ្តា​ខេត្ត​ផ្សេងៗ ដែល​មាន​សក្តានុពល​ដំណាំ​ម្រេច ក៏​ជួបប្រទះ​ការ​លំបាក​ដូចគ្នា​ដែរ​៕