Unai Emery៖ ជួប Real Madrid ជា​ឱកាស​ដែល PSG អាច​វាស់​ស្ទង់​សមត្ថភាព​របស់​ខ្លួន​

87

បាល់ទាត់៖ ​Paris Saint Germain នឹង​ត្រូវ​ជួប​ក្រុម​ជើងឯក​ទ្វីប​អឺរ៉ុប​ច្រើន​ជាង​គេ Real Madrid និង​ជា​ក្រុម​ការពារ​ជើងឯកយប់​នេះ​វគ្គ 16ក្រុម​ចុងក្រោយ UEFA Champions League ខណៈ​គ្រូ​បង្វឹក PSG លោក Unai Emery និយាយ​ថា ជួប Real Madrid ជា​ឱកាស​ដែល PSG អាច​វាស់​ស្ទង់​សមត្ថភាព​របស់​ខ្លួន​ជា​ក្លឹប​កំពូល​មួយ​នៅ​អឺរ៉ុប​។

​​Real Madrid ឈ្នះ​ពាន UEFA Champions League នេះ 12លើក​រួច​មក​ហើយ ហើយ​ក្នុង​នោះ​ដែរ​ឈ្នះ 3លើក​ក្នុងចំណោម 4រដូវ​កាល​ចុងក្រោយ និង​មាន​ពីរ​លើក​ក្រោម​ការដឹកនាំ​របស់​លោក Zindine Zidane​។ ​PSG កំពុង​ត្រូវ​បាន​គេ​មជ្ឈដ្ឋាន​ទូទៅ​ជុំវិញ​ពិភពលោក​ចាំ​មើល បន្ទាប់ពី​ក្លឹប​ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​រ​បស់​សេដ្ឋី​កាតា​មួយ​នេះ ធ្វើ​អោយ​ពិភពលោក​ភ្ញាក់ផ្អើល​តាមរយៈ​ការ​នាំ​យក​កីឡាករ​ប្រេ​ស៊ី​ល Neymar ពី Barcelona ក្នុង​តំលៃ​បំបែក​កំណត់ត្រា​ពិភពលោក 222លាន​អឺរ៉ូ រឺ 272លាន​ដុល្លារ​អាមេរិក​កាលពី​ខែ​សីហា​កន្លងទៅ​។ ​តាំងពី​មកដល់ PSG, Neymar រកបាន 28គ្រាប់​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន 27ប្រកួត​ជួយ​ក្រុម​នាំមុខ​ដាច់​ពិន្ទុនៅ Ligue 1​។

​​រំលឹក​ថា PSG មិនដែល​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ឡើយ បន្ទាប់​ពី​រដូវ​កាល​មុន​ធ្លាក់​ត្រឹម​វគ្គ 16ក្រុម​នេះ​ដោយ​រឿងរ៉ាវ​ក្រឡាប់ចាក់​នៅ Nou Camp ចាញ់ 6-1 ក្រោយ​ឈ្នះ​នៅ​បារាំង 4-0 ទៅ​ហើយ​នោះ​។ មុន​ធ្លា​ក់​នៅ​វគ្គ 16ក្រុម​រដូវ​កាល​មុន PSG រដូវ​កាល​មុន​ៗ​ទៀត​បាន​ត្រឹម​វគ្គ 8ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ