Zidane៖ Real Madrid ជួប PSG មិន​មែន​ជា​រឿង Ronaldo Vs Neymar ឡើយ​

432

បាល់ទាត់៖ ​គ្រូ​បង្វឹក Real Madrid លើក Zinedine Zidane និយាយ​ថា ជំនួប​វគ្គ 16ក្រុម​ចុងក្រោយ UEFA Champions League រវាង Real Madrid និង Paris Saint Germain មិន​មែន​ជា​រឿង​ដែល​គ្រប់គ្នា​គិតតែ​ពី Ronaldo Vs Neymar នោះ​ទេ ព្រោះ​ក្រុម​ទាំង២ ​មិនមែន​រំពឹង​តែ​លើ​កីឡាករ​ទាំង ២​នាក់​នេះ​ទេ​។

​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បន្ត​ថា លោក​ទទួល​ស្គាល់​ថា​អ្នក​ទាំង២ ​មាន​ទេពកោសល្យ​កំរិត​ខ្ពស់​រៀង​ៗ​ខ្លួន តែ​នេះ​ជា​ការ​ប្រកួត​រវាង Real Madrid និង PSG មិន​មែន​ជា​ការប្រកួត​ប្រជែង​ទេព​កោសល្យ​ផ្ទាល់ខ្លួន​ទេ​។ ​សំនួរ​ចាក់​ដោត​មួយ​ទៅលើ Zidane ជុំវិញ​អនាគត​នៅ Real Madrid តែ​លោក​បាន​និយាយ​ថា ​លោក​មិន​ខ្វល់​ពី អនាគត​ឡើយ អ្វី​ដែល​សំខាន់​ចំពោះ​មុខ​គឺ​ការប្រកួត​ចំពោះ​មុខ​។ Zidane បាន​ក្លាយជា​គ្រូបង្វឹក​ដំបូង​ ដែល​ដឹកនាំ​ក្រុម​ការពារ​តំណែង​ជើងឯក​ក្នុង​យុគសម័យ Champions League បាន​រដូវ​កាល​មុន និង​ឈ្នះ​ជើងឯក La Liga ផងដែរ​។

តែ​រដូវ​កាល​នេះ Real Madrid កំពុង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona 17ពិន្ទុ​ក្នុង​លី​ហ្គ ដែល​ធ្វើ​អោយ​គ្រប់គ្នា​គិត​ពី​អនាគត​របស់​លោក Zindine Zidane​។ ​លោក Zidane នឹង​ដឹកនាំ​ក្រុម Real Madrid ជួប​ក្រុម​បារាំង​លើកដំបូង​ចាប់​តាំង​ពី​ក្លាយ​ជា​គ្រូ​បង្វឹក​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ