លោក គីម ជុង​អ៊ុន​ ចង់​បង្កើន​បរិយាកាស​ដ៏​កក់ក្ដៅ​នៃ​ការផ្សះផ្សា​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង

370

កូរ៉េ​ខាង​ជើង៖ មេដឹកនាំ​កូរ៉េខាងជើង​និយាយ​ថា ​លោកចង់​បង្កើនបរិយាកាស​ដ៏​កក់ក្ដៅ​នៃ​ការផ្សះផ្សា និង​ការសន្ទនា​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់ពី​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​លោក វិល​ត្រឡប់​មកពី​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ចំណែក​គូ​សត្រូវ​របស់​កូរ៉េខាងជើង​ កំពុង​ជំរុញ​ឲ្យ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​ខ្លាំង​ថែមទៀត​។ ​ប៉ុន្តែ​​សារ​ព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​​ថា លោក គីម ជុង​អ៊ុន ចង់​បង្កើន​បរិយាកាស​ដ៏​កក់ក្ដៅ​ការផ្សះផ្សា ​បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា។​ ការទូត​រវាង​ទីក្រុង​ព្យុងយ៉ាង​ និង​សេ​អ៊ូ​លអំឡុង​កីឡា​នេះ ​ស្ថិត​ក្រោម​ការ​តាម​ដាន​របស់​មេដឹកនាំ​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង​។ ប្អូន​ស្រីរបស់​លោកគឺលោកស្រី គីម​ យ៉ូ​ជុង បាន​ត្រឡប់​មកពី​ទស្សនកិច្ចក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ ជាទី​ដែល​លោកស្រីបាន​អញ្ជើញ​ប្រធានាធិបតី​របស់ កូរ៉េខាងត្បូង ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើងសម្រាប់​ជំនួប​កំពូល​មួយ ​ដែល​ជា​ជំនួបលើកដំបូង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍កន្លង​មក​នេះ។

​សារព័ត៌មាន​រដ្ឋ​បាន​និយាយ​ថា​ ពេលនោះលោក គីម បាន​ចេញសេចក្ដីណែនាំពី​របៀប​រក្សា​ទំនាក់ទំនង​ជាមួយ កូរ៉េខាងត្បូង​។​ មុន​មួយថ្ងៃលោក​ ម៉ៃ ផេ​ន អនុ​ប្រធានាធិបតី​អាមេរិកហាក់​យល់ស្រប ​ឲ្យ​មានការពិភាក្សា​ជាមួយ​កូរ៉េខាងជើង​។​ ហើយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ អ្នកនាំពាក្យ​លោកប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេអ៊ី​ន និយាយ​ថា ​ទីក្រុងវ៉ាស៊ីនតោនបើកចំហ​ឲ្យ​មានការ​ពិភាក្សា​នានា​ ជាមួយ​កូរ៉េខាងជើង​។​ ប៉ុន្តែ​មន្ត្រី​អាមេរិក​ក៏បាន​និយាយ​ផង​ដែរ​ថា ទណ្ឌកម្ម​នានា​គួរ​តែ​រឹត​បន្តឹងដើម្បី​ជំរុញ ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន៕
អត្ថបទ៖ សុខ​មាន