Tiger Woods ហ្វឹកហាត់​ត្រៀម​ប្រកួត​កម្មវិធី Genesis Open និង​ជា​ការ​បង្ហាញខ្លួន​​លើក​ទី២

72

ហ្គោល៖ ​អតីត​កីឡាករ​វាយ​ហ្គោល​លំដាប់​ទី​១ របស់​ពិភពលោក Tiger Woods បាន​ចេញ​មក​ធ្វើការ​ហ្វឹកហាត់​ផ្លូវការ​មួយ​កាលពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ ពោល​គឺ​មុន​ពេល​ដែល​ការប្រកួត​ព្រឹត្តិការណ៍ Genesis Open ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ ​ដោយ​ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​លើ​ទីលាន Riviera Country Club។

​​ការប្រកួត​វាយ​ហ្គោល​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ PGA Tour មួយ​នេះ​មាន​ទឹកប្រាក់​សរុប​ដល់​ទៅ ៦លាន ២សែន​ដុល្លារ​អាមេរិក ហើយ​កម្មវិធី​នេះ​ដំបូង​ឡើយ​គេ​បាន​ផ្ដើម​នៅ​ឆ្នាំ១៩២៦។​ ​Tiger Woods ដែល​បច្ចុប្បន្ន​មាន ៤២​ឆ្នាំ​អតីត​លេខ​១ ពិភពលោក​រូប​នេះ ​បាន​ហ្វឹកហាត់​ជាមួយ​ក្រុមការងារ​រប​ស់​ខ្លួន​យ៉ាងសកម្ម​បំផុត​ ដើម្បី​ត្រៀម​ការប្រកួត​ចំពោះ​មុខ​ឲ្យ​បាន​ខ្ពស់ ​ក្រោយពី​ការប្រកួត​កន្លងទៅ​ហាក់​នៅ​មាន​កំរិត។​ គួរ​បញ្ជាក់​ថា ​សម្រាប់​កីឡាករ​ដែល​ល្បីល្បាញ​បំផុត ​ក្នុង​វិស័យ​កីឡា​វាយ​ហ្គោល​រូប​នេះ​នឹង​បង្ហាញខ្លួន​ជា​លើក​ទី២ ក្នុង​រដូវ​កាល​នេះ ក្រោយពី​បាន​បញ្ចប់​នៅ​លេខ២៣ ក្នុង​ការ​ប្រកួត​ពានរ​ង្វាន់ Farmers Insurance Open កាល​ខែ​មុន។

​​គួរ​រំលឹក​ដែរ​ថា​សម្រាប់​កីឡាករ​កូន​ពីរ Woods នឹង​បែកបាក់​ជាមួយ​ភរិយា​នៅ​ឆ្នាំ​២០១០ រូប​នេះ​ធ្លាប់​ឈ្នះ​ការប្រកួត​នៅ​ក្រប​ខណ្ឌ PGA Tour ចំនួន ៧៩​លើក​ពោល​គឺ​ស្ថិត​ជា​កីឡា​ករ​ទី​២ ដែល​ឈ្នះ​ជើងឯក​ច្រើន​បំផុត៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ