គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ចុះ​អនុស្សរណៈ​ជាមួយ​មូលនិធិ​ឈាន​ឆាយ​សហការ​គ្នា​ជួយ​ពលករ​ចំណាក់​ស្រុក

140

ភ្នំពេញ ៖ ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង ​អំពើ​ជួញដូរ​មនុស្ស​ នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែកុម្ភៈ​ឆ្នាំ​២០១៨​នេះ​ បាន​ធ្វើ​ការចុះ​អនុស្សរណៈ​ជាមួយ​សមាគម​មូលនិធិ ​ឈាន ឆាយ​ដើម្បី​មនុស្សធម៌​ស្តីពី​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ​ជាពិសេស​ក្នុងចំណោម​ពលករ​ទេសន្តរប្រវេសក៍ ​នៅ​ប្រទេស​ថៃ ហើយ​ការ​ចុះ​អនុស្សរណៈ​នេះ​ក៏​ដើម្បី​ជួយ​សហការ​គ្នា​ជួយ​ដល់​ពលករ​ខណៈ​ពួកគេ​មាន​បញ្ហា​អ្វី កើតឡើង​ ជាដើម​នោះ​។

ថ្លែងប្រាប់​ដល់​អ្នកសារព័ត៌មាន​ក្រោយពី​ចុះ​អនុស្សរណៈ​នោះ លោកជំទាវ​ ជូ ប៊ុន​អេង រដ្ឋ​លេខា​ធិការ​ក្រសួងមហាផ្ទៃ ​និង​ជា​អនុប្រធាន គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​បាន​ឲ្យ​ដឹងថា ​ការចុះ​អនុស្សរណៈ​ជាមួយ​មូលនិធិ​ឈាន ឆាយ​នេះ​គឺ​ពិត​ជាមាន ​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​សហការ​គ្នា​ជួយ​ដល់​បង​ប្អូន​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ពេល​ដែល​ពួកគេ​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​។

លោកជំទាវ​ ជូ ប៊ុន​អេង ​បានលើកឡើង​ទៀតថា ​សមាគម​មូលនិធិ​ឈាន ឆាយ​នេះ​គឺ មាន​ស្នាក់ការ​នៅ ​និង​ក្រុង​ប៉ោយប៉ែត​ជាប់​និង​ជាយដែន​កម្ពុជា​-​ថៃ ​ហើយ​មូលនិធិ​នេះ​គឺមាន ​បណ្តាញ​ច្រើន​នៅក្នុង​ប្រទេស​ថៃ​ដូច្នេះ​ពេល​ដែល​ពលករ​ខ្មែរ​យើង​មាន​បញ្ហា​អ្វី​កើតឡើង​ គឺ សមាគម ​ឈាន ឆាយ នេះ​បានដឹង​ ហើយ​គេ​នឹង​រាយការណ៍​បន្ត​ដល់ ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ហើយ​ក្រុមការងារ​យើង​នឹង​ចុះ​ដើម្បី​ជួយ​និង​អន្តរាគមន៍​ដល់ ​បងប្អូន​ពលករ​ទាំង​នោះ​តែម្តង​។

បើតាម​លោកជំទាវ​ បាន​ឲ្យ​ដឹងផង​ដែរ​ថា ​នាពេល​ខាងមុខនេះ​រាជរដ្ឋាភិបាល​ដែល​មាន​ ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន​ និង​យុវនីតិ​សម្បទា​​នឹង​ធ្វើ​កន្លែង​ស្នាក់នៅ​បណ្តោះ​អាសន្ន​នៅ​ នឹង​ច្រក​ក្រុង​ប៉ោយប៉ែត​ ជួយ​​ដល់​បងប្អូន​ពលករ​ខ្មែ​រ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មកវិញ​ ហើយ​ស្រប​ពេល​ដែល​គេ​បញ្ជូន​មកវិញ​នោះ​ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ នឹងធ្វើ​កា​រសាក​សួរ​ដល់​ពួកគេ​អំពី​មូល​ហេតុ​ដែល​កើតឡើង​ចំពោះ​ពួកគេ​ផង ដែរ​៕