ក្រសួង​ការងារ៖ មាន​ពលករ​ខ្មែរ​នៅ​ថៃ​ជាង ​៣០​ម៉ឺន​នាក់​ទៀត ដែល​ក្រសួង​ត្រូវ​រៀបចំ​ឯកសារ​ស្របច្បាប់​ឱ្យ​

100

ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​ បាន​បញ្ជាក់​ថា មក​ទល់ពេលនេះ ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង ធ្វើការ​នៅ​ប្រទេស ថៃ នៅសល់​ប្រហែល​៣៤​ម៉ឺន​នាក់​ទៀត ដែល​ត្រូវ​បន្ត​ផ្ដល់​ភាពស្របច្បាប់​រហូតដល់​ខែមិថុនា ឆ្នាំ​២០១៨​។​

ឯកឧត្ដម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ក្នុង​បណ្តាញ​សង្គម​ហ្វេ ស​ប៊ុ​កថា ក្នុងជំនួប​ការងារ​រវាង​ឯកឧត្ដម​បណ្ឌិត និង ឧត្ដមសេនីយ៍ Adul sangsingkeo រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ កាលពី​ថ្ងៃ ១៣ កុ​ម្ភះ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​លើ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ ក្នុងការ​ដោះស្រាយ​បញ្ហា ពលករ​កម្ពុជា​នៅ​ថៃ ប្រកបដោយ​លទ្ធផល​ល្អ​។

ក្នុងនោះ​មជ្ឈមណ្ឌល​ទាំង​៣​នៅ​បាងកក​, រ៉ាកយ៉ង និង សុង​ខ្លា បាន ដំណើរ​ការល្អ​ផងដែរ ដោយបាន​ធ្វើលិខិត​ធ្វើដំណើរ​(TD), ប័ណ្ណ​ពលករ​កម្ពុជា​(OCWC) ដែល​បានផ្ដល់​ជូន​ពលករ ខ្មែរ​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ក្នុង​មួយថ្ងៃ​បាន​ចំនួន​ពី ១៧០០ ទៅ ១៨០០​នាក់​។​

ក្នុងជំនួប​នោះ ភាគី​ទាំង​ពីរបាន​ឯកភាព​កំណត់ពេល​បញ្ចប់​ការងារ​នៅ​ដំណាច់ខែ​មិថុនា​ខាងមុខ តាមរយៈ​ការរៀបចំ ក្រុមការងារ​ចល័ត និង មជ្ឈមណ្ឌល​បន្ថែម ដើម្បី​បង្កើនល្បឿន​ឱ្យបាន ៤០០០ នាក់​ក្នុង​មួយថ្ងៃ នៅពេល​ដំណើរការ ផែនការ​ថ្មី​។​

ភាគី​ថៃ​កំណត់​ទីតាំង​រៀបចំ​បញ្ជី​ឈ្មោះ​ពលករ​កម្ពុជា​និង​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ និង​ទិដ្ឋាការ​កា​ងារ​ជូន​ពលករ​កម្ពុជា​។ ទន្ទឹមនឹងនេះ ភាគី​ទាំងពីរ​នឹង​រៀបចំ​ក្រុមចម្រុះ​ប្រចាំការ​នៅ​ក្រសួង​ការងារ​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ប្រតិបត្តិការ នេះ និង​បង្កើន​ស្មារតី​សហប្រតិបត្តិការ​បងប្អូន ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។​

នៅក្នុង​ជំនួប​នេះ ភាគី​ថៃ​សុំ​អញ្ជើញ​រដ្ឋមន្ត្រី និង​ក្រុមការងារ​បច្ចេកទេស​ក​ម្ពុ​ជា​ទស្សនកិច្ច​នៅ​ថៃ​ក្នុងអំឡុង​ខែ​មិនា ឆ្នាំ ២០១៨​ខាងមុខ នៅពេល​ដំណើរការ​ផែនការ​ថ្មី​នេះ​៕