អង់គ្លេស​សន្យាថា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​

44

ភ្នំពេញ៖ ឯកឧត្តម អេ​វ៉ាត វៃ​ហ្សី (Edward Vaizey) សមាជិក​រដ្ឋសភា នៃ​ចក្រភព​អង់គ្លេស​បានលើកឡើង ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ថែមទៀត រវាង​ប្រទេស​អង់គ្លេស និង​កម្ពុជា​។​

ក្នុងជំនួប​ពិភាក្សា​ការងារ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ជាមួយ​សមាជិកសភា​អង់គ្លេស​រូបនេះ ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង នា​ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ​នេះ​ថា ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ​បានលើកឡើង​អំពី​គោលបំណង​មួយចំនួន​របស់​កម្ពុជា ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ឲ្យ​រឹតតែ​ប្រសើរ​ថែមទៀត តាមរយៈ​ការរៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី កិច្ចសហការ​បច្ចេកទេស និង​ការជំរុញ​ឲ្យ​មាន​អ្នកវិនិយោគ​មកពី​ចក្រភព​អង់គ្លេស មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ដោយយោង​លើ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហគមន៍​អ៊ឺរ៉ុប និង​ដើម្បី​ធានាបាន​ការអនុគ្រោះ​ពន្ធគយ​នានា ដែល​កម្ពុជា ធ្លាប់​ទទួលបាន​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង លើកលែងតែ​អាវុធ​ពី​សហគមន៍​អ៊ឺរ៉ុប ភាគី​កម្ពុជា​ស្នើ​ឲ្យ​អង់គ្លេស​បន្ត​អនុវត្តន៍​បែបនេះ​ផងដែរ​។

ជាការ​ឆ្លើយតប​ឯកឧត្តម អេ​វ៉ាត វៃ​ហ្សី ដែល​កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា​បាន​ថ្លែង កោតសរសើរ​អំពី​ភាព​រីកចំរើន​របស់​ប្រទេស​កម្ពុជា ដោយ​លោក​មិន​ធ្លាប់បាន​គិតថា កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​លឿន​ដល់​កម្រិត​នេះ​។ លើសពីនេះ​លោក​ក៏បាន​យល់ច្បាស់​បន្ថែមទៀត​អំពី ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ការ​ជំនួប​ជាមួយ​វិនិយោគិន ចក្រភព​អង់គ្លេស​មួយចំនួន​ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា​។

ក្រៅពីនេះទៀត ឯកឧត្តម​បានកត់សម្គាល់​លើ​វិស័យ​មួយចំនួន ដែលមាន​សក្ដានុពល​ខ្ពស់ សម្រាប់​ទាក់ទាញ​វិនិយោគិន​ពី​អង់គ្លេស​បន្ថែមទៀត រួមមាន សុខាភិបាល កសិកម្ម​ជាពិសេស​ម្រេច បច្ចេកវិទ្យា ទេសចរណ៍ និង​សំណង់​៕