រដ្ឋសភា​អនុម័ត​សំណើ​ដក​រដ្ឋលេខាធិការ ចេញពី​សមាជិក​រាជរ​ដ្ឋា​ភិ​បាល​

59

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើ​មាត្រា​សំខាន់ៗ​មួយចំនួន​ជាពិសេស​មាត្រា ១១៨​ថ្មី​នៃ​រដ្ឋ​ធ ម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆ័ន្ទ តាម​សំណើរ​របស់​រាជរដ្ឋាភិបាល ក្នុង​ការដក​មន្ត្រី ដែលមាន​ឋានៈ​ជា​រដ្ឋលេខាធិការ ចេញ​ផុតពី​សមាសភាព​រាជរដ្ឋាភិបាល និង ការទទួលខុសត្រូវ​ចំ​ពោះ​មុខ​រដ្ឋសភា​។

​​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងសម័យ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា នីតិកាល​ទី​៥ នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៤​កុម្ភៈ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រ ធាន​រដ្ឋសភា និង​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ក្នុងនាម​ជា​តំណាងរាស្ត្រ មណ្ឌលកណ្តាល រួមជាមួយ​វត្តមាន អ្នកតំណាងរាស្ត្រ មកពី​គណបក្សនយោបាយ​ទាំង​៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​ហ្វ៊ុន ស៊ីន​ប៉ិច​, គណបក្ស​សញ្ជាតិ​កម្ពុជា​,​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សរុប​ចំនួន​១២៣ អង្គ​/​នាក់​។​

សម្តេច​ក្រឡាហោម ស ខេង តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​សេចក្តីរាយការណ៍ ទូលថ្វាយ​និង​ជំរាបជូន​ថា​៖ តា ម​មាត្រា ១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ សមាសភាព​រាជរដ្ឋាភិបាល​រួមមាន នាយករដ្ឋមន្ត្រី​, ឧបនាយករដ្ឋមន្ត្រី​, ទេសរដ្ឋមន្ត្រី​, រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​។ ប៉ុន្តែ​នៅក្នុង​ការរៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​កន្លងមក មានការ​រិះគន់ថា សមាស​ភា ព​រាជរដ្ឋាភិបាល​មាន​ចំនួន​ច្រើនពេក បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ។​

សេចក្តីព្រាង ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៣៤ មាត្រា ៤២ មាត្រា ៤៩ មាត្រា​៥៣ និង​មាត្រា ១១៨ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រដ្ឋសភា បាន​ពិភាក្សា និង​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នៅថ្ងៃនេះ ត្រូវបាន​ធ្វើឡើង​ព្រម​គ្នា​ជាមួយ គ្នា នឹង របៀបវារៈ​៣​ផ្សេងទៀត​គឺ​៖

-​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ។​

-​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ២៦ មាត្រា ២៨ មាត្រា ៣១ និង​មាត្រា ៣២​នៃ​ច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

-​សេចក្តី ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​នឹង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ -​និង​វៀតណាម ៕