ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅ​ខេត្តសៀមរាប​

140

សៀមរាប ៖ មន្រ្តីនាំពាក្យរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែល​ហៅកាត់ថា ( គជប ) អះអាងថា អនុវត្តលើ កត្តាសំខាន់ៗ ចំនួន៣ នឹងត្រូវបានធានាលើលទ្ធផលនៃការបោះឆ្នោត ដែលក្នុងនោះ រួមមាន ការផ្សព្វផ្សាយដ៏ទូលំទូលាយ ការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព ។

មន្រ្តីក្នុងមុខតំណែង ទាំងសមាជិករដ្ឋសភា និង សមាសភាពនៅក្នុងជួរក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឺទ្ធសភា នីតិកាលទី៤ បានបង្ហាញវត្តមានរបស់ខ្លួន នៅក្នុងវិទ្យាល័យ អង្គរ ក្រុងសៀមរាប ដែលជាទីតាំងនៃការរៀបចំឲ្យមានការិយាល័យបោះឆ្នោតចំនួន២កន្លែង នៅទីនោះ ។ ខេត្តសៀមរាប ត្រូវបានចាត់បញ្ជូលនៅក្នុងភូមិភាគទី៤ ជាមួយខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និង បៃលិន តាមការបែងចែករបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសារុបទូទាំងប្រទេស ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ត្រូវបានបែងចែកឲ្យមានចំនួន ៨ ភូមិភាគ ។

លោក នឹម វ៉ាន់សំ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិទ្យាល័យ អង្គរ ក្រុងសៀមរាប ក្នុងពេលដែល ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កំពុងដំណើរការ ។ លោកបញ្ជាក់ឲ្យដឹងថា សម្រាប់ភូមិភាគទី៤ ដែលមានខេត្តចំណុះចំនួន៥នោះ បេក្ខជនឈរឈ្មោះសារុបមានចំនួន ៦០រូប ក្នុងនោះបេក្ខជនពេញសិទ្ធិមានចំនួន ៣០រូប ( ស្រ្តី ៤រូប ) បេក្ខជនបំរុងមានចំនួន ៣០រូប (ស្រី២រូប) សម្រាប់ការដណ្តើមយកអាសនៈសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលត្រូវបានបែងចែកឲ្យមានចំនួន ១០ អាសនៈ សម្រាប់ភូមិភាគទី៤ ។ នៅខេត្តសៀមរាប មានគណបក្សនយោបាយចំនួន៣ ដែលមានបេក្ខជនឈរឈ្មោះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៊ិច និង គណបក្សខ្មែររួបរួមជាតិ ។

​​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត កន្លងមកនេះ ក៏​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ជាសាធារណៈដែរថា សមាជិកព្រឹទ្ធសភានីតិកាលទី៤ មានចំនួន ៦២ រូប ។ សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចំនួន ២ រូប គឺត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា ២ រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន និងសមាជិកព្រឹទ្ធសភាចំនួន៥៨រូបទៀត ត្រូវបានជ្រើសតាំងតាមរយៈនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ។

នៅក្នុងតារាងចំនួនអ្នកបោះឆ្នោត របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឺទ្ធសភានីតិកាលទី៤(ឆ្នាំ២០១៨) សម្រាប់ខេត្តសៀមរាប មានចំនួនសារុប ៦៧៤នាក់ ក្នុងនេះអង្គបោះឆ្នោត ក្នុងមុខតំណែងជាតំណាងរាស្រ្តមានចំនួន ៦នាក់ និងអង្គបោះឆ្នោត ក្នុងមុខតំណែងនៅក្នុងជួរក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួន ៦៦៨នាក់ ។

លោក ឌឹម សុវណ្ណារុំ ដែលជាសមាជិក គជប និង ជាអ្នកនាំពាក្យរបស់ គជប បានបង្ហាញឲ្យដឹងអំពីកត្តាសំខាន់ៗចំនួន៣ ដើម្បីធានាបានលើលទ្ធផលនៃការបោះឆ្នោត ដែលការធានានោះមិនមែនសំដៅតែទៅលើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាតាមបែបអសាកលប៉ុណ្ណោះទេ តែត្រូវបានធានាលើលទ្ធផលនៃការបោះឆ្នោត ទាំងអសាកល និង ជាសាកល គឺការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ផងដែរ ៕