ទីក្រុង​ព្យុងយ៉ាង​ស្ងាត់ស្ងៀម​ចាប់​តាំង​ពី​លោក ត្រាំ យល់​ព្រម​ជួប​ពិភាក្សា​ជាមួយ​លោក គីម​

89

កូរ៉េខាងត្បូង៖ យោង​តាម​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង​​ឲ្យ​ដឹង​ថា ភាពស្ងាត់ស្ងៀម​របស់​កូរ៉េខាងជើង​ពាក់​ព័ទ្ធ​នឹង​កិច្ចប្រជុំ​កំពូល​ដែល នឹង​កើតមានឡើង​របស់​ខ្លួនជាមួយ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ទំនងជា ដោយសារ​ការ​ប្រយ័ត្ន​ប្រយែង ជុំវិញ​ការរៀបចំជំហរ​របស់​ខ្លួនចំពោះ​កិច្ចប្រជុំ​នេះ។

ភាព​ស្ងៀមស្ងាត់របស់​ទីក្រុងព្យុងយ៉ាង បាន​កើតមានឡើង​ចាប់​តាំង​ពីលោកប្រធានាធិបតី​អាមេរិក​ ត្រាំ ​បាន​ព្រមព្រៀងជួបពិភាក្សា​ជាមួយ​លោក​ គីម​ ជុង​អ៊ុន។​ ​កាលដែល​លោក ត្រាំ ទទួលយក​ការ​អញ្ជើញរបស់​លោក គីម បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ភ្លាមៗ​កាលពី​ថ្ងៃ​សុក្រ​ទី​៩​ មីនា ​ប៉ុន្តែ​ក្រុម​មន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយកាលពី​ថ្ងៃ​ច័ន្ទ​ថា ពួកគេ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​មកវិញ ពី​កូរ៉េខាងជើង​នៅឡើយ​ទេ​ចាប់​តាំងពី​ពេល​នោះ​មក​។​ ​មិនទាន់​មានការ​ព្រមព្រៀង​លើទីតាំង​នៅឡើយ​ទេ​ ហើយក៏​មិន​ដឹង​ថា​នឹង​ពិភាក្សា​ពី​អ្វី ឬថា​ការ​ជួប​គ្នា​នោះ​នឹង​ធ្វើឡើង​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​ដែរ ប៉ុន្តែ​ប្រហែលជា​នឹង​កើតឡើង​នៅមុន​ដំណាច់​ខែ​ឧសភា។​

ក្នុង​អំឡុង​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​អា​ប៊ូ​ចា រ​បស់​ប្រទេស​នី​ហ្ស៊េ​រី​យ៉ានៅ​ដំណាច់សប្ដាហ៍​នេះ​ ដែល​ជា​ដំណើរ​ដ៏​វែងឆ្ងាយរបស់លោក Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិកទៅកាន់ប្រទេស​ចំនួន​៥ នៅ​តំបន់​អាហ្វ្រិក លោកបាន​និយាយ​ថា មាន​ដំណាក់កាល​​មួយ​ចំនួន​ទៀត​ ដែល​ចាំបាច់​ត្រូវ​ព្រមព្រៀង​ទៅលើទីតាំង និងព្រំដែននៃកិច្ចពិភាក្សា​រវាង​អាមេរិក និង​កូរ៉េខាងជើង៕

អត្ថបទ៖ សុខ​មាន