ជន​ស៊ីវិល​​រាប់​ពាន់​នាក់​លាក់​ខ្លួន​​​​នៅ​ក្នុង​បន្ទប់​​ក្រោម​ដី​​​គេច​ចេញ​ពី​ការ​ទម្លាក់​គ្រាប់​បែក​​នៅ​តំបន់​ហ្គោតា​ខាង​កើត​

56

ស៊ីរី៖ មនុស្ស​រាប់​ពាន់​នាក់​បាន​​ជាប់​នៅ​តំបន់​ហ្គោតា​ខាង​កើត​​​ កំពុង​ជ្រក​​ពួន​សម្ងំ​ក្នុង​​ទីជម្រក​​រៀង​ៗ​ខ្លួន​​ចំ​ពេល​មាន​​យុទ្ធនាការ ​​ទម្លាក់​គ្រាប់​បែក​​ឥត​ឈប់​ឈរ​​ដោយ​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី។

​បន្ទប់​ក្រោម​ដី​នេះ​គឺ​ជា​កន្លែង​ជ្រក​កោណ​​​របស់​ពលរដ្ឋ​​ស៊ីរី​ប្រហែល​ ៣០០​នាក់​​ដែល​ពួន​សម្ងំ​​គេច​ចេញ​​ពី​​ការ​ទម្លាក់​គ្រាប់​បែក​​ជា​ច្រើន​ ដែល​ធ្លាក់​មិន​ឈប់​​នៅ​តំបន់​ហ្គោតា​ខាង​កើត។ ​បុរស​ម្នាក់​និយាយ​ថា យើង​បាន​​​ទៅ​​គ្រប់​ទីកន្លែង​​​ហើយ​យើង​ត្រូវ​​រង​​ពី​ការ​វាយប្រហារ​​ឥត​ឈប់។ ​នេះ​​ជា​សម្ដី​​របស់​បុរស​ម្នាក់ ​​ក្នុង​ចំណោម​អ្នក​ស្រុក​​ទាំង​អស់​ដែល​ជ្រក​លាក់​ខ្លួន​​នៅ​ទី​នេះ។ ​គាត់​គឺ​ជា​បុរស​ម្នាក់​​ក្នុង​ចំណោម​​មនុស្ស​រាប់​ពាន់​នាក់​ ដែល​បាន​មក​ដល់​ក្នុង​ទីក្រុង​ឌូម៉ា​ ក្នុង​ពេល​រយៈ​ពេល​​ប៉ុន្មាន​សប្ដាហ៍​​ថ្មី​ៗ​នេះ ដែល​បាន​​ភៀស​ខ្លួន​​ចេញ​ពី​ការ​វាយ​លុក​ម្ដង​ហើយ​ម្ដង​ទៀត​​របស់​របប​​នេះ ខណៈ​ដែល​រដ្ឋាភិបាល​​ពង្រឹង​​សកម្មភាព​​សឹក​របស់​ខ្លួន​​ នៅ​លើ​តំបន់​មាន​ក្រុម​ឧទ្ទាម​​ដ៏​ធំ​មួយ​​នេះ​នៅ​ក្បែរ​រដ្ឋធានី។

គាត់​មិន​ចង់​ប្រាប់​ឈ្មោះ​​ឲ្យ​ដឹង​ទេ ពី​ព្រោះ​ភ័យ​ខ្លាច​​មាន​ការ​សង​សឹក​​នៅ​ពេល​ដែល​ទាហាន​​ ចូល​មក​កាន់​តែ​ជិត​​តំបន់​នេះ។ ​បុរស​រូប​នេះ​​បន្ត​ថា កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ​មាន​​គ្រាប់​ផ្លោង​ ៣​គ្រាប់ និង​ការ​វាយប្រហារ​​ពី​អាកាស​ ២​លើក​ប៉ះ​លើ​ជម្រក​​នេះ ហើយ​ឥឡូវ​​នេះ​គ្រឹះ​ទាំង​អស់​ត្រូវ​បាន​​រង​ការ​បំផ្លាញ​ សូម​ពិនិត្យ​​មើល​ចុះ​​មិន​អាច​ឲ្យ​យើង​រស់​នៅ​បាន​ទេ​ វា​គ្មាន​​សុវត្ថិភាព​​ទាល់​តែ​សោះ។ ​អង្គការ​សហប្រជាជាតិ​​ប៉ាន់ប្រមាណ​ថា ​មនុស្ស ៤​សែន​នាក់​ត្រូវ​បាន​ជាប់​​ក្នុង​តំបន់​ហ្គោតា​ខាង​កើត​​ ជា​កន្លែង​ខ្វះ​​ខាត​ស្បៀង​អាហារ​​យ៉ាង​ខ្លាំង និង​ថ្នាំ​ពេទ្យ​​ផង​ និង​ការ​ខ្វះ​ខាត​អាហារូបត្ថម្ភ​​ដ៏​ធ្ងន់ធ្ងរ​ ហើយ​ជំងឺ​ក៏​មាន​ច្រើន៕​​​

អត្ថបទ៖ រិទ្ធី