Paul Pogba អវត្តមាន​ពី​ទីលាន​ហ្វឹកហាត់ ​ខណៈ Manchester United ត្រៀម​ទទួល Sevilla ជើង​ទី​២ យប់​នេះ​

170

បាល់ទាត់៖ ​គេ​មិន​ឃើញ​មាន​វត្តមាន​កីឡាករ​ថ្លៃ​របស់​បារាំង Paul Pogba ឡើយ​អំឡុង​ពេល​បិសាច​ក្រហម Manchester United ហ្វឹកហាត់​ត្រៀម​ជួប​ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ Sevilla រាត្រី​នេះ​ជើង​ទី​ពីរ​វគ្គ 16ក្រុម​ចុងក្រោយ UEFA Champions League​។

ជាមួយគ្នា​នោះ​ដែរ​គ្រូ​បង្វឹក Jose Mourinho ក៏​មិនទាន់​បញ្ជាក់​ដែរ​ថា កីឡាករ​វ័យ 24ឆ្នាំ​រូប​នេះ​អាច​បង្ហាញខ្លួន​រាត្រី​នេះ​បាន​រឺ​អត់​នៅឡើយ​។ ​Pogba ក៏​មិន​មាន​វត្តមាន​ដែរ​ពេល Manchester United យកឈ្នះ Liverpool 2-1 នៅ Old Trafford កាលពី​ថ្ងៃ​សៅរ៍​ បន្ទាប់ពី​រង​របួស​ពេល​ហ្វឹកហាត់​មួយ​ថ្ងៃមុន​ប្រកួត​។ ​ក្រៅពី Pogba កីឡាករ​ផ្សេងទៀត​ក៏​អវត្តមាន​ពី​ការ​ហ្វឹក​ហាត់​ផង​ដែរ​ដូចជា Daley Blinds, Marcos Rojo និង Phil Jones​។ តែ​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Zlatan Ibrahmovic បាន​ចូល​ហ្វឹកហាត់​វិញ​អម​ជាមួយ Anthony Martial ខណៈ​ក្រៅពី​ជួប Sevilla សប្ដាហ៍​នេះ Manchester United ក៏​ត្រូវ​ជួប Brighton ផង​ដែរ​វគ្គ 8ក្រុម​ចុងក្រោយ FA Cup​។

​​រំលឹក​ថា ​ជើង​ទី​មួយ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ Sevilla និង Manchester United បញ្ចប់​ត្រឹម​លទ្ធផល​គ្មាន​ក្រុម​ស៊ុត​បញ្ចូល​ទី 0-0​។ លទ្ធផល​ស្មើ​ដោយមាន​គ្រាប់​បាល់​នៅ Old Trafford រាត្រី​នេះ​នឹង​ធ្វើ​អោយ​ក្រុម​របស់​លោក Jose Mourinho ធ្លាក់​ពី Champions League៕
​អត្ថបទ​៖​នាង សុភា​វុ​ធ