អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លើក​បញ្ហា​៣ ចោទសួរ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋសភា​

74

ភ្នំពេញ៖ ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋ​សភា នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ ២០១៨​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានលើកឡើង​នូវ​បញ្ហា​ចំនួន ៣ ដើម្បីអោយ​មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​ពន្យល់​បន្ថែម​ពាក់ព័ន្ធ​ដំណើការ ឬ​កិច្ចការ​រដ្ឋសភា​។​

​​ឯកឧត្តម ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថា អ្នករាយការណ៍​ពិសេស​រូបនេះ បានលើកឡើង​នូវ​បញ្ហា​ចំនួន ៣ ធំៗ គឺ ការចាប់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​ដោយមាន​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ ការធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ និង​ការបែងចែក​អាសនៈ​នៅក្នុង​រដ្ឋសភាជាតិ ដើម្បីអោយ​ខាង​រដ្ឋ​សភាព​ពន្យល់​បន្ថែម​ពាក់ព័ន្ធ​ទៅ​និង​កិច្ចការ​របស់​រដ្ឋសភា​ដែលជា​ស្ថាប័ន​នីតិបញ្ញត្តិ​របស់​កម្ពុជា ។

​​​ក្នុងជំនួប​ពិភាក្សា​ក្នុង​រយៈពេល​មួយ​ម៉ោង​ដែល​ធ្វើ​នៅ​វិមាន​រដ្ឋសភា​នេះ ឯកឧត្តម ឈាង វុន បាន​ពន្យល់​លោកស្រី​រ៉ូ​ណា​ស្មី​ត​យ៉ាង​លំអិត​លើ​បញ្ហា​ទាំង ៣​នេះ ថា ការដែល​ចាប់ខ្លួន​បទល្មើស​ជាក់់ស្តែង ដែល​សំដៅ​ទៅលើ​ការចាប់ខ្លួន​អតិ​ត​សមាជិក​គណបក្សប្រឆាំង​នោះ​ថា មិន​ត្រឹមតែ​បទល្មើស​កើតឡើង ហើយ​ត្រូវបាន​មន្ត្រីនគរបាល​ចាប់ខ្លួន​នោះទេ អោយតែ​រឿង​នោះ​កើតឡើង ហើយ បន្ត​នៅមាន​សុពលភាព​ក៏​ចាត់ទុកថា​ជា​បទល្មើស​ជាក់ស្តែង​ផងដែរ​។ ឯកឧត្តម បាន​លើកយក​ឧទាហរណ៍​ច្រើន​ករណី​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​មន្ត្រី​អតិ​ត​គណបក្សប្រឆាំង​ជាដើម ដែល​សុទ្ធសឹង​ជា​បទល្មើស​ជាក់ស្តែង​។​

​​​អ្នកនាំពាក្យ​រូបនេះ បន្ត​ពន្យល់​លោកស្រី​រ៉ូ​ណា​ស្មី​ត​បន្ថែមទៀតថា ចំណែក​ការធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ ឬ​កែ​ប្រ​ច្បាប់​មួយចំនួន​នោះ​គឺ​វា​ស្របទៅនឹង​ស្ថានភាព និង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ធានា​សន្តិសុខ​ជាតិ និង​សន្តិភាព​ដែល​ប្រទេស​កម្ពុ​ជាមាន ដូច​ច្នេះ ប្រទេស​កម្ពុជា​ត្រូវតែមាន​ការកែប្រែ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន ឧទាហរណ៍​ដូចជា​ការធ្វើ​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការជេរប្រមាថ​ព្រះមហាក្សត្រ​ជាដើម ហើយ​ការធ្វើ​នេះ មិន​តម្រូវ​ចិត្ត​ប្រទេស​ណាមួយ​ឡើយ គឺ​ធ្វើ​ដើម្បី​ប្រទេស​កម្ពុជា​។​

​​​ឯកឧត្តម​ពន្យល់​ទៀតថា ចំណែក​ការបែងចែក​អាសនៈ​នៅក្នុង​រដ្ឋ​របស់​អតិ​ត​គណបក្ស​សង្គ្រោះ​ជាតិ ទៅអោយ​គណបក្ស​ផ្សេង​នោះ គឺ​ស្របទៅនឹង​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា និង​ស្រប​តា​មាត្រា ៧១ ថ្មី ដែល​តម្រូវអោយ​មានកា​របែង​ចែក​អាសនៈ​ទៅអោយ​គណបក្ស​ផ្សេង​បន្ទាប់ពី​គណបក្ស​មួយ​ត្រូវបាន​រំលាយ ឬ​បោះបង់​អាសនៈ​របស់ខ្លួន​។

​ ​ឯកឧត្តម ឈាង វ៉ុ​ន បាន​បញ្ជាក់ថា​ក្រោយពី​ពន្យល់​យ៉ាង​លម្អិត អ្នកស្រី​រ៉ូ​ណា​ស្មី​ត​បាន​យល់​កាត់​តែ​ច្បាប់​ពី​ដំណើរការ និង​កិច្ចការ​របស់​រដ្ឋ​ភា​របស់​កម្ពុជា តែ​ឧ​ត្ត​ម​ថា ការធ្វើ​របាយការណ៍រ​ស់លោក​ស្រី រ៉ូ​ណា​ស្មី​ត​ផ្ញើរ​ទៅកាន់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​យ៉ាងណា​នោះ គឺជា​សិទ្ធិ​របស់លោក​ស្រី​តែប៉ុណ្ណោះ កម្ពុជា​និយាយ​តែ​ពី​រឿង​ពិត​ដែល​កើតឡើង​នៅ​កម្ពុជា ៕