យោធិន ​នៃ​កងពល​ខេមរភូមិន្ទ​នឹង​ទទួលបាន​ការដំឡើង​ប្រាក់​បំណាច់​មុខងារ​ចាប់ពី​ខែមេសា​ខាងមុខ​

93

ភ្នំពេញ៖ យោធិន​នៃ​កងពល​ខេមរភូមិន្ទ​កម្ពុជា នឹង​ទទួលបាន​ការដំឡើង​ប្រាក់​បំណាច់​មុខងារ​ចាប់ពី​ថ្ងៃទី០១​ ខែមេសា​ឆ្នាំ ២០១៨​ខាងមុខ បន្ទាប់ពី​រដ្ឋាភិបាល​បានចេញ​ជា​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​។​

យោងតាម​អនុក្រឹត្យ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បានចេញ​កាលពី​ថ្ងៃទី​១២ ខែមីនា​ឆ្នាំ ២០១៨ កន្លងមក​បានបញ្ជាក់​ថា យោធិន​នៃ​កង​ខេមរភូមិន្ទ​នឹង​ទទួលបាន​ការដំឡើង​ប្រាក់​បំណាច់​មុខងារ​។ ដោយ​អនុក្រឹត្យ​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី ១​ខែមេសា​តទៅ​។

ក្នុង​អនុក្រឹត្យ​ដដែល​ក៏បាន​បញ្ជាក់​អោយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​មុខងារសាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារៈកិច្ច​រៀងៗ​ខ្លូន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដំឡើង​ប្រាក់បៀវត្ស​២​ដង​ក្នុង​១​ឆ្នាំ​ដោយ​លើក​ទី​១​ដំឡើង​នៅ​ខែមករា ជាការ​ដំឡើង​កម្រិត​ប្រាក់បៀវត្ស​មូលដ្ឋាន និង លើក​ទី​២​នៅ​ខែមេសា គឺជា​ការដំឡើង​ប្រាក់​បំណាច់​មុខងារ​៕