សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​បង្ហាញ​កង្វល់​ពី​ការបាត់បង់​ការងារ​មនុស្ស​ទន្ទឹម​ការ​រីក​ចម្រើន​វិទ្យាសាស្ត្រ​បច្ចេក​វិទ្យា

66

ភ្នំពេញ ​៖ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​ពី​ក្តី​កង្វល់ ​អំពី​ការ​រីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ព្រោះ​ការរី​ក​ចម្រើន​យ៉ាង​លឿន​ខាង​វិទ្យាសាស្ត្រ និង​ បច្ចេកវិទ្យា​នេះ ​ក៏​នាំមក​នូវ​ផលវិបាក​បាត់បង់​ការងារ​របស់​មនុស្ស ដែល​ទាមទារ​ឱ្យ​មាន​ការ​គិត​ទុកជាមុន​ផ​ង​ដែរ​។

សម្តេច​តេ​ជោ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បង្ហាញ​ពី​ក្តី​កង្វល់​យ៉ាង​ដូច្នេះ​ ខណៈ​អញ្ជើញ​ជា​អធិ​បតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ​ ឆ្នាំ​២០១៨ ​ក្រោម​ប្រធានបទ​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា​សម្រាប់​ឧស្សាហូបនីយកម្ម ​កំណើន​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដែល​រៀបចំ​ដោយ​ក្រោម​កិច្ចសហការ ​ជា​ដៃគូ​រវាង​វិទ្យាស្ថាន​បណ្តុះ​បណ្តាល ​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​ កម្ពុជា ​និង​ធនាគារ​អេ​អិន​ហ្សិត​រ៉ូយ៉ាល់ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ​ភោគី​ត្រា នៅ​ថ្ងៃទី​១៥​មីនា​នេះ​។

ជាមួយ​នឹង​វឌ្ឍនភាព ​ខាង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដែល​រីក​លូតលាស់​យ៉ាងខ្លាំង ​សម្តេច​បាន​បង្ហាញ​នូវ​កង្វល់​ក៏ដូចជា​ការ​ដាស់តឿន​មានការ​គិតទុក​ពី​ការបាត់បង់​ការងារ​រ​ប​ស់​មនុស្ស នៅ​តាម​ក្រុមហ៊ុន​ឧស្សាហកម្ម​ជឿនលឿន ខណៈ​វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង​។

យ៉ាង​នេះ​ក្តី ​សម្តេច​តេ​ជោ ​មានប្រសាសន៍ថា ការ​ធ្វើ​ទំនើបកម្ម​សម្ភារៈ​បច្ចេកទេស​ ការ​ពង្រឹង​លទ្ធភាព​ ប្រសិទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ព្រមទាំង​ជំរុញ​ការសាងសង់ ​និង​បង្កើន​ប្រសិទ្ធ​ភាព​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្អឹងខ្នង​សម្រាប់ ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍ ​នឹង​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០៕