Danny Welback ធ្វើ​បាន ២​គ្រាប់​នាំ​ក្រុម​កាំភ្លើង​ធំ Arsenal ឡើង​ទៅ​លេង​វគ្គ ៨​ក្រុម​ចុងក្រោយ Europa League

102

បាល់ទាត់៖ ​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​បាន​នាំមុខ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៅ​ទឹកដី San Siro ជាមួយ​លទ្ធផល 2-0 យប់​ម៉ិ​ញ​នេះ​បាន​ស្វាគមន៍​ក្រុម​បិសាច​ក្រហម​អ៊ីតាលី AC Milan ដើម្បី​ឡើង​ទៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ក្រប​ខណ្ឌ​ក្លឹប​អាជីព​ទី​២ អឺរ៉ុប Europa League បានសម្រេច។​​ការប្រកួត​ដែល​ធ្វើឡើង​នៅ​ក្នុង​កីឡដ្ឋាន Emirates Stadium ក្រុម​ភ្ញៀវ AC Milan មានឱកាស​ជាច្រើន​ក្នុង​ការ​ស្វែងរក​គ្រាប់​ស៊ុត​បញ្ចូល​ទី​ ប៉ុន្តែ​ត្រូវ​បាន​ជួយសង្គ្រោះ​ផង​ដែរ​ដោយ David Ospina តែ​ហៀបនឹង​ចប់​វគ្គ​ទី​១ ទៅ​ហើយ​បែរជា​ក្រុម​ភ្ញៀវ AC Milan ក៏​ធ្វើ​បាន​សម្រេច​ដោយ​ការ​ទា​ត់បាល់​ចម្ងាយ ២៧​ម៉ែត្រដោយ Hakan Calhanoglu បំ​ពោង​សំណាញ់​ទី​ម្ចាស់ផ្ទះ Arsenal បាន​យ៉ាង​ល្អ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញៀវ​រីករាយ​ជា​ខ្លាំង​ក្រោយ​កា​រ​បញ្ជូន​ពី Ricardo Rodriguez យ៉ាងណាក៏ដោយ​ខ្សែប្រយុទ្ធ​អង់គ្លេស Danny Welback ស៊ុត​បាល់ ១១ម៉ែត្រ​តាម​ស្មើ 1-1 បាន​យ៉ាង​ល្អ ក្រោយ​កំហុស​ខ្សែ​ការពារ Rodriguez ក្នុង​ប្រអប់​គ្រោះថ្នាក់​បញ្ចប់​វគ្គ​ទី១ លទ្ធផល​ស្មើគ្នា 1-1។

​​ឈាន​ចូល​ដល់​ការប្រកួត​វគ្គ​ទី២ ម្ចាស់ផ្ទះ Arsenal រង​សម្ពាធ​ជា​ខ្លាំង​ដោយ AC Milan បង្កើន​ការ​ប្រយុទ្ធ​យ៉ាង​សន្ធប់​តែ​មិន​អាច​ស្វែងរក​គ្រាប់​បាន​ឡើយ ផ្ទុយទៅវិញ​កីឡាករ Granit Xhaka ស៊ុត​គ្រាប់​ពី​ចម្ងាយ​បើក​ការ​នាំមុខ​លើកដំបូង 2-1 នៅ​នាទី​ទី៧១ ខណៈ​ដែល​កីឡាករ Danny Welback អុក​មួយ​ក្បាល​បញ្ចូល​ទី​ក្រោយ​សល់​បាល់​ពី​មិត្ត​រួម​ក្រុម Aaron Ramsey បញ្ចប់​ការប្រកួត Arsenal ឈ្នះ 3-1 ជើង​ទី២ នឹង​សរុប​ឈ្នះ 5-1 លើ AC Milan។​ ​តាមរយៈ​ជ័យជំនះ​នេះ​បាន​ធ្វើ​ឲ្យ Arsenal បាន​ឡើង​មកលេង​វគ្គ ៨​ក្រុម​ចុងក្រោយ Europa League ជា​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ២០១០ ស្រប​ពេល​ដែល​ការ​ចាប់ផ្ដើម​បែងចែក​ការប្រកួត​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ