​ពាន World Cup ដែល​មាន​ទម្ងន់ 6.1គីឡូ​បាន​បង្ហាញ​ខ្លួន​នៅ​ទីក្រុង Cairo ដើម្បី​អបអរសាទរ​អេ​ហ្ស៊ី​ប​ចូល​លេង​បាល់ទាត់​ពិភពលោក​

105

បាល់ទាត់៖ ​ពានរង្វាន់​ដែល​គេ​រាល់គ្នា​ស្គាល់​ជុំវិញ​ពិភពលោក World Cup បាន​ធ្វើ​ដំណើរ​មកដល់​ទីក្រុង Cairo កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ ពោល​គឺ​រយៈពេល​ប៉ុន្មាន​ខែ​មុន​ពេល​ដែល​អេ​ហ្ស៊ី​ប​ចាប់ផ្ដើម​ការប្រកួត World Cup ជា​លើកដំបូង​ក្នុង​រយៈពេល ២៨ឆ្នាំ​ចុងក្រោយ។

​​ពាន World Cup ត្រូវ​បាន​បង្ហាញ​ដោយ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​គឺ​លោក Abdel Fattah Al Sisi ក្រោយ​ការ​មក​ដល់​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ Cairo Aiport មុន​ពេល​យក​ទៅ​ធ្វើការ​តាំង​ពិព័រណ៍​ក្នុង​កម្មវិធី​សន្និសីទ​ផ្លូវ​ការ​ជាមួយ​នឹង​អ្នកគាំទ្រ។​ ​អតីត​កីឡាករ Christian Karembeu ដែល​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ឈ្នះ World Cup 1998 នោះ ដើរតួ​សំខាន់​ក្នុង​ដំណើរ​ហែ​ពាន World Cup នឹង​បាន​ផ្ដាំផ្ញើ​ឲ្យ​អ្នក​ស្រលាញ់​ចូលរួម​ព្រឹត្តិការណ៍​នេះ​កុំបី​ខាន។

​​គួរ​រំលឹក​ថា ​កាលពី​ខែ​តុលា​អេ​ហ្ស៊ី​ប​អាច​ដណ្ដើម​ភាព​រង់ចាំ​អស់ពី​ជា​យូរ ​ដើម្បី​មាន​កៅអី​ទៅលេង World Cup នៅ​រុស្សី2018 វគ្គ​ផ្ដាច់ព្រ័ត្រ ​បន្ទាប់ពី​ការ​បង្ហាញ​ខ្លួន​ចុងក្រោយ​របស់​អេ​ហ្ស៊ី​ប​នៅ​ឆ្នាំ១៩៩០ ក្នុង​ប្រទេស​អ៊ីតាលី។​ ​ដោយឡែក​ឯ​ការ​ប្រកួត​នៅ​ចំពោះ​មុខ​អេ​ហ្ស៊ី​ប​ស្ថិត​ក្នុង​ពូ​ល A ដែល​រួមមាន​រុស្ស៊ី​ម្ចាស់ផ្ទះ​អា​រ៉ា​បី​សា​អូឌីត និង​អ៊ុយ​រ៉ា​ហ្គា​យ​ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ