មុខ​កងទ័ព​កម្ពុជា​៖​ សម​យុទ្ធ​រវាង​កងទ័ព​កម្ពុជា​-​ចិន​គឺ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ និង​ទំនុក​ចិត្ត​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត

96

កំពង់ស្ពឺ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ​ប៉ុល សារឿន ​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​អះ​អាង​ថា សម​យុទ្ធ​រវាង​កងទ័ព​កម្ពុជា​និង​ចិន​ដែល​មាន​ឈ្មោះថា ​«​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨) គឺ​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន​និង​ពង្រឹង​ចំណងមិត្តភាព​ជា​ប្រពៃណី​ និង​ទំនុក​ចិត្ត​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​។ ការ​លើក​ឡើង​របស់​ប្រមុខ​កងទ័ព​រូប​នេះ គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​ឱកាស​បើក ​«​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨»​ដោយមាន​នាយទាហាន​ពល​ទា​ហារ​វាង​ប្រទេស​ទាំងពីរ​ ចូលរួម​ប្រមាណ​ជាង​ ១​ពាន់​នាក់​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨​ នេះនៅ​ភ្នំ​ម្រះព្រៅ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង់ ខេត្ត​កំពង់ស្ពឺ​។​ ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​មេបញ្ជាការ​បាន​លើក​ឡើង​ថា ​«​លំ​ហាត់​ហ្វឹកហ្វឺន​នេះ​នឹង​ជំរុញ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌​រវាង​កងទ័ព​ទាំងពីរ​កម្ពុជា​-​ចិន​ឲ្យ​កាន់តែ​ប្រសើរ​ និងចូល​រួម​ចំណែក​ជំរុញ​ទំនាក់ទំនង​ភាពជា​ដៃគូ ក្នុង​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិនឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

ឯកឧត្ដម​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​វិស័យ​យោធា​ភាគី​ចិន​បាន​ជួយឧបត្ថម្ភ​ជាច្រើន​ទាំង​សម្ភារៈ និង​ថវិកា ដើម្បី​ឲ្យ​កង​យោធ​ពល​ខេមរភូមិន្ទ​មានលទ្ធភាព ​ក្នុង​ការ​កសាង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន សម្រាប់​បម្រើ​ឲ្យ​កិច្ច​ការពារ​ជាតិ​។ ទន្ទឹង​នេះ​ដែរ​មិត្ត​ចិន​បាន​យកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ​ ដល់​វិស័យ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល ក្នុង​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​វ័យក្មេង​ ឲ្យ​ក្លាយ​ជា​មូលធន​មនុស្សប្រកបដោយ​សក្ដានុពល​សម្រាប់​បន្តវេន ក្នុង​កង​យោធពល​ខេមរភូមិន្ទ​។ លើស​ពី​នេះ​ទៀត​កម្ពុជា​-​ចិន បាន​នឹង​កំពុង​បន្ត​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ ​និង​ខ្លាំងក្លា​ថែមទៀត ជាក់ស្ដែង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​ជា​សហប្រធានក្នុង​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ នៅ​កម្ពុជា លោក លី ខឺ​ឈាន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រកាស​ផ្ដល់​ជំនួយ​ចំនួន​ ១៨០០​លាន​យ័នដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

​ឯកឧត្ដម​បាន​បញ្ជាក់​ទៀត​ថា ​« ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​សម្ភារៈ​ និង​ថវិកា​ជាច្រើន​របស់​មហាមិត្ត​ចិន បាន​នឹង​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​ជា​ជញ្ជាំង​បង្អែក​ដ៏​រឹងមាំធ្វើ​ឲ្យ​កម្ពុ​ជា​មាន​ជំហរ​ម៉ឺងម៉ាត់ ក្នុង​ការ​បន្ត​កិច្ចការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ និង​គោលនយោបាយ​ជាតិនិយម​ដ៏​ត្រឹមត្រូវ ដែល​ជា​លក្ខខណ្ឌ​អំណោយផល ដើម្បី​បន្ត​ឈរ​លើ​មាគ៌ា​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​»​។​ ជាមួយគ្នា​នោះ​ដែរឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​នា​ពេល​បច្ចុប្បន្ន​កម្ពុជា​ក្លាយទៅជា​ប្រទេស​មួយ ដែល​បាន​នឹង​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម​ទៅ​ក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​តំបន់ ​និង​ពិភពលោក ហើយ​កំពុង​បំពេញ​តួនាទី​យ៉ាងសកម្ម​ដោយ​ស្មើ​សិទ្ធិ​ និង​ស្មើភាពក្នុង​កិច្ចការ​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ​។ គោលដៅ​យុទ្ធសាស្ត្រ​របស់​កម្ពុជា គឺ​រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន និង​សហប្រតិបត្តិការ​ ជាមួយ​បណ្ដា​ប្រទេស​លើ​សកលលោក ដោយ​ឈរ​លើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​។

​កង​យោធពល​ខេមរភូមិន្ទ ដែល​ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​នៃ​ប្រទេសជាតិ ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​ការពារ​ឲ្យ​បាន​រឹងមាំ​នូវ​សន្តិភាព និង​ប្រឆាំង​ដាច់ខាត​បដិវត្តន៍​ពណ៌ ​មិន​ឲ្យ​កើតមាន​នៅ​លើ​ទឹកដី​នៃ​កម្ពុជា​នោះ​ឡើយ​។ កង​យោធ​ពល​ខេមរភូមិន្ទ​ត្រូវ​ការពារ​ប្រជាពលរដ្ឋ​ ឲ្យ​រស់​នៅ​ក្នុង​ភាព​សុខដុមរមនា និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​រដ្ឋធម្មនុញ្ញ សំដៅ​ប្រមូល​ផ្តុំ​នូវ​សក្ដានុពល​ទាំងឡាយ ដើម្បី​ការ​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ថែមទៀត​។ ​ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​នោះ​ដែរ​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Zhang Jian មេបញ្ជាការ​តំបន់​ភូមិភាគ​ខាងត្បូង​ នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​លើក​ឡើង​ថា លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨ ​នេះ​គឺ​ដើម្បី​លើកកម្ពស់​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត ហើយ​ភាគ​ចិន​បាន​ចាត់​ទុក​កម្ពុជា​គឺជា​មិត្ត​ដ៏​ស្និត​ស្នាល​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​។

​លោក​ឧត្ដមសេនីយ៍​ទោបាន​បញ្ជាក់​ទៀត​ថា ​«​ទំនាក់ទំនង​កងទ័ព​នៃ​ប្រទេស​ចិន​ និង​កម្ពុជា​ នឹង​កាន់តែ​រី​ច​ចំរើន​បន្ថែម​ទៀត ហើយ​យើង​ទាំងពីរ​នឹង​ដើរ​រួមគ្នា​ជា​រៀង​រហូត ដើម្បី​សន្តិសុខ​ក្នុងស្រុក​ និង​ទាំង​ក្នុង​តំបន់​»​។​ សូម​រំលឹក​ថា ​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨​ នេះ​គឺ​បាន​កំពុងធ្វើឡើង​រយៈពេល​ ១៥​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​១៥​ ដល់​ថ្ងៃ​ទី​៣១ ​ខែ​មីនា​ឆ្នាំ​២០១៨​ នេះ​ដោយមាន​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ប្រមាណ​ជាង​ប្រាំ​មួយ​រយ​នាក់​។ លំ​ហាត់​នាគ​មាស​នេះ​គឺ​ប្រព្រឹត្ត​ឡើងលើ​របៀប​វរៈ​ដូចជា​៖ ការ​រាវ​មីន និង​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​, ការ​ដោះ​គ្រាប់បែក​សារធាតុ​គីមី​ពុល​, ​ការ​បន្សាប​ជាតិគីមី​ពុល​, ការ​ប្រយុទ្ធ​កងអនុសេនាធំ​រថក្រោះ​សហការ​ជាមួយ​វរ​សេនា​តូច​ថ្មើរ​ជើង ការ​រំដោះ​ចំណាប់ខ្មាំង និង​ការងារ​មនុស្សធម៌​ហើយ​ និង​បាញ់​គ្រាប់​ពិតជា​ដើម​៕