ប្រជាពលរដ្ឋជាង៥ពាន់នាក់ក្នុងខេត្តកំពង់ឆ្នាំងបានទទួលសេវាពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃពី​​សំណាក់​សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

99

កំពង់ឆ្នាំង ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ(TYDA) បាន​ចុះពិនិត្យព្យាបាល​ជំងឺជូន ប្រជាពលរដ្ ឋដោយឥតគិតថ្លៃក្នុងភូមិច្រេស ឃុំច្រេស ស្រុកកំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ដោយធ្វើការពិនិត្យព្យាលប្រជាពលរដ្ឋសរុបចំនួន៥,៣៣៣នាក់ និងបញ្ជូនបន្តទៅ ព្យាបាលនៅ មន្ទីពេទ្យ ចំនួន៧០ នាក់ដែលសកម្មភាពមនុស្សធម៌នេះក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការឈឺជី សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្សនិស្សិត អាហារូបករណ៍ សម្តេចតេជោ និង សម្តេចកិត្តិព្រិទ្ធបណ្ឌិតក្រុមហ៊ុនMetfone ក្រុមហ៊ុន LGនិងផ្នែកដែលពាក់ព័ន្ធដទៃទៀត។

លោកវេជ្ជបណ្ឌិត ចន្ទ សុភាស់ តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុម​ប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានអោយដឹងថា គោលបំណងសំខាន់ របស់​ស​មាគមគឺ​ផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ឬ​សាសនា​អ្វី​ទាំង​អស់​គឺ​ប្រមូលកម្លាំងស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាព មនុស្សធម៌ឱ្យគៀកនិងប្រជាពលរដ្ឋដើម្បី ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់និង កាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបន្តថា បេសកកម្មនេះមានការចូលរួមដោយក្រុមគ្រូពេទ្យជាសមាជិកនៃសមាគម ដែលមក​ពីតាម​មន្ទីពេទ្យរដ្ឋ និងឯកជននានា ជាងនេះទៀតមានការចូលរួមដោយគ្រូពេទ្យមកពីប្រទេស តៃវ៉ាន់ សាំងហ្គាពួរ ម៉ាឡេស៊ី វៀតណាម និងគ្រូពេទ្យមក​ពីរដ្ឋឡូស​អេនជឺឡេស​នៃ​សហរដ្ឋអាមេរិក​ផងដែរ ដោយធ្វើការ ពិនិត្យ លើ ប្រភេទជំងឺផ្សេងៗជាច្រើនដូចជា ជំងឺទូទៅ ជំងឺបេះដូង ជំងឺត្រចៀកច្រមុះបំពង់ក ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺមាត់ ធ្មេញ ផ្នែកអេកូ និងរោគស្រ្តី ជំងឺឫសដូងបាត ផ្នែកវះកាត់តូច ជំងឺសើរស្បែក និងពិនិត្យឈាមផងដែរ។

លោក Huong Si Cheng ប្រធានអង្គការឈឺជី បានអោយដឹងថា លោកជាមួយ​នឹងក្រុមការងារពិត​ជារីករាយដែលបានមកដល់ប្រទេសកម្ពុជា ជាពិសេសបានសហការ​ជាដៃគូរជា​មួយសមាគម​គ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ(TYDA) ធ្វើការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅថ្ងៃនេះផងដែរ  ហើយលោកថារូបលោកនឹងក្រុមការងារ នឹងបន្តសហការជាមួយ(TYDA) ដើម្បីជួយដល់ សុខភាពប្រជាពលរដ្ឋ កម្ពុជាបន្តទៀត។

ប្រជាពលរដ្ឋដែលបានទទួលកាព្យាបាលដោយឥតគិតថ្លៃបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងក្រុមគ្រូពេទ្យដែលបានពិនិត្យព្យាបាល ជូនពួកគាត់យ៉ាងយកចិត្តទុកដាក់និងមិនគិតថ្លៃ និងបានសំណូមពរអោយសមាគមចុះមកធ្វើសកម្មភាពមនុស្សធម៌នេះអោយបានកានតែច្រើនថែមទៀត។

សូមបញ្ជាក់ថាគិតមកដល់ពេលនេះសមាគមបានធ្វើសកម្មភាពមនុស្សធម៌ ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ សរុបចំនួន ២៥០,៧៥០នាក់ និងបញ្ជូនបន្តមកព្យាបាល នៅតាមមន្ទីពេទ្យ និងអង្គការជាដៃគូរ ក្នុងរាជធានីភ្នំពេញ ចំនួន៣,១៦០នាក់ ដែលការចំណាយផ្សេងៗជាបន្ទុករបស់សមាគមទាំងស្រុង៕