អ្នក​ស្រុក​ហ្គោតា​ខាង​កើត​​វិល​ត្រឡប់​​ទៅ​កាន់​​លំនៅឋាន​​របស់​ពួក​គេ​​នៅ​ក្នុង​ទីក្រុង​សាក់​បា​​

96

ស៊ីរី៖ អ្នក​រស់​នៅ​​ក្នុង​ទីក្រុង​សាក់បា​​នៃ​តំបន់​ហ្គោតា​ខាង​កើត ​​បាន​វិលត្រឡប់​​ទៅ​កាន់​លំនៅឋាន​​របស់​ពួក​គេ​វិញ​​ ដោយ​នាំ​យក​​នូវ​របស់​​របរ​របស់​ពួក​គេ​​ទៅ​ជាមួយ​​​ផង​កាល​ពី​​ថ្ងៃ​អាទិត្យ​​​ បន្ទាប់​ពី​​ទីក្រុង​មួយ​នេះ​​ត្រូវ​បាន​​រំដោះ​​​​គ្រប់​គ្រង​ដោយ​​កង​ទ័ព​ស៊ីរី​​មក​នោះ។

​វីដេអូ​​បាន​ផ្ដល់​​ដោយ​ភ្នាក់ងារ​​ព័ត៌មាន​រ៉យទ័រ​​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ជន​ស៊ីវិល​​ក្នុង​នោះ​មាន​​ទាំង​ស្ត្រី​ និង​កុមារ​​យ៉ាង​ច្រើន​ ដែល​បាន​ដើរ​ត្រឡប់​​ទៅ​កាន់​​លំនៅឋាន​​របស់​ពួក​គេ​​ កាត់​តាម​​ដង​ផ្លូវ​​នានា​​ពោរពេញ​ទៅ​ដោយ​​កម្ទេច​ថ្ម និង​ជួរ​អគារ​​បាក់​បែក​​មួយ​ចំនួន។ ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​​​ប្រធានាធិបតី​​ស៊ីរី លោក បាសាអាល់ អាសាត ​បាន​អញ្ជើញ​​ពិនិត្យ​​ក្រុម​កង​ទ័ព​​ស៊ីរី​ ដែល​ជិត​​នឹង​យក​ជ័យ​ជម្នះ​​លើ​មូលដ្ឋាន​​ឈរ​ជើង​​ របស់​ក្រុម​ប្រឆាំង​ដ៏​ធំ​​ចុង​ក្រោយ​​នៅ​ក្បែរ​​រដ្ឋធានី​ដាម៉ាស់​ និង​បាន​ជួប​ជាមួយ​​​ពលរដ្ឋ​​ជា​ច្រើន​ពាន់​នាក់​ផង​ដែរ។ ​ក្រុម​មនុស្ស​​ដែល​ជិត​ស្និត​​ទៅ​នឹង​ពួក​ឧទ្ទាម​​បាន​និយាយ​ថា ការ​ចរចា​កំពុង​ធ្វើ​ឡើង​​ក្នុង​គោល​បំណង​​​ចាក​ចេញ​ទៅ​កាន់​​តំបន់​ប្រឆាំង​ផ្សេង​ៗ​ ឬ​​ត្រូវ​ទម្លាក់​អាវុធ​​ បើ​ទោះ​បី​​ក្រុម​ឧទ្ទាម​​បាន​​ប្រកាស​​ច្រាន​ចោល​​ជា​សាធារណ​ អំពី​ការ​ចរចា​ដក​កង​ទ័ព​ដែល​គេ​​មើល​ឃើញ​ថា អាច​​ជួយ​ដល់​​​លោក បាសាអាល់ អាសាត ឲ្យ​ដណ្ដើម​​យក​មក​វិញ​​នូវ​ទីក្រុង​​អាឡេប៉ូ និង​ទីក្រុង​​ហូម និង​តំបន់​​ផ្សេង​ៗ​ទៀត​​ក៏​ដោយ។

​លោក ហ្វេឡាក់ អាល់រ៉ាស់មែន ​ជា​ក្រុម​ប្រឆាំង​សំខាន់​ នៅ​ភាគ​ខាង​ត្បូង​​តំបន់​ហ្គោតា​ខាង​កើត​​បាន​និយាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ខ្លួន​កំពុង​​ចរចា​ជាមួយ​​ក្រុម​គណៈប្រតិភូ​អង្គការ​សហប្រជាជាតិ​​អំពី​បទ​ឈប់​បាញ់​, ការ​ផ្ដល់​ជំនួយ​ និង​ការ​ជម្លៀស​​តាម​បែប​​វេជ្ជសាស្ត្រ​​បន្ទាន់​។ ​ប៉ុន្តែ​​ការ​ជម្លៀស​ជា​ទូទៅ​​នៃ​ក្រុម​ជន​ស៊ីវិល​​ និង​ក្រុម​ឧទ្ទាម​មិន​លើក​មក​និយាយ​ទេ​ នេះ​បើ​យោង​​តាម​ការ​និយាយ​​បន្ថែម​របស់​លោក ហ្វេឡាក់ អាល់រ៉ាស់មែន៕​​

អត្ថបទ៖ រិទ្ធី