តម្លៃ​អចលនទ្រព្យ​ខេត្ត​ព្រះសីហនុ​ ឡើងថ្លៃ​ខ្លាំង បន្ទាប់ពី​ចិន​សម្រុក​វិនិយោគ​ច្រើន

185

ព្រះសីហនុ​ ៖ ​អ្នកជំនាញ​អចលនទ្រព្យ​ បាន​លើកឡើងថា ​បច្ចុប្បន្ននេះ​ តម្លៃ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ​បាន​ហក់​ឡើងថ្លៃ​ខ្លាំង​ ក្រោយ​ចិន​សម្រុក​វិនិយោគ​តំបន់​នោះ​។

អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​កម្ពុជា​ លើក​ឡើង​ថា​ វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​មានការ​ រីកចម្រើន​គួរ​ឱ្យកត់សម្គាល់​ត្រឹម​១​ឆ្នាំ​ចុង​ក្រោយនេះ ​ដោយសារ​មាន​អ្នក​វិនិយោគ​ចិន​សម្រុកចូល​ច្រើន​ធ្វើ​តម្លៃ​ដីធ្លី​កាន់តែ​ហក់​ឡើង​ខ្ពស់​។

លោក គីម ហ៊ាង អ្នក​ជំនាញ​អចលនទ្រព្យ​កម្ពុជា​ បាន​ថ្លែងថា ​មួយ​ឆ្នាំ​ចុងក្រោយ​នេះ ​តម្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ឡើងថ្លៃ​ខ្ពស់​១​ទ្វេ​ជា​៥ ​ហើយ​សម្រាប់​វិស័យ​អចលនទ្រព្យ​វិញ​ចិន​វិនិយោគ​ភាគច្រើន​លើ​ខុន​ដូ​ ផ្សារ​ទំនើប​ និង​ទៅ​អនាគត​ អាច​ឈាន​ដល់​ការសាងសង់​បុរី​បន្ថែមទៀត​។

អ្នក​ជំនាញ​ បន្ថែមថា គ្រាន់តែ​ចិន​ចូល​មក​រកស៊ី​នៅ​ព្រះសីហនុ​ធ្វើ​ឱ្យ​តម្លៃ​សណ្ឋាគារ ម្ហូបអាហារ ​និង​សេវាកម្ម​ផ្សេង​មានការ​ឡើងថ្លៃ​ជាពិសេស​តម្លៃ​ដីធ្លី​មានការ​ហក់​ឡើង​ខ្លាំង​ជាមួយ​នឹង​ការ​អភិវឌ្ឍ​ក៏​ខ្លាំង ចំពោះ ​តំបន់​ធំៗ ដែល​ក្រុមហ៊ុន​ចិន​កំពុង​វិនិយោគ​មាន​ដូចជា ​កំពង់ផែ​ រោងចក្រ​ចម្រាញ់​ប្រេងកាត ព្រលាន​យន្តហោះ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ចំណែក លោក​ឧកញ៉ា លី ហួរ ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ បាន​ថ្លែង​ថា ​បច្ចុប្បន្ន​នេះ ​នៅ​ក្រុងព្រះសីហនុ​វិញ​មានការ​រីកចម្រើន​ខ្លាំង​ជិត​ប្រហែល ​និង​នៅ​រាជធានី​ភ្នំពេញ​ផ្នែក​វិស័យ​សំណង់​ និង​អគារ​ខ្ពស់​ក៏​កំពុងតែ​រីក​ដុះដាល​ដោយមាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន​កាន់​តែច្រើន​ផងដែរ​។

សម្រាប់​អ្នក​វិនិយោគ​ខាងលើ​បាន​ចាត់ទុកថា ​ ទោះបី​កន្លងមក​មានការ​រិះគន់​ពី​ស្ថានភាព​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ក៏ដោយ ប៉ុន្តែ​ទោះយ៉ាងណា ​សម្រាប់​ក្រុងព្រះសីហនុ​មិនមែន​ជា​ទីក្រុង​ម៉ា​កាវ​ទី​២​ ​ដូច​ការលើកឡើង​នោះ​នាពេល​កន្លងទៅ​ទេ ពោល​ខេត្ត​មួយ​នេះ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​អាជ្ញាធរខេត្ត​។

នៅក្នុង​ជំនួប ជាមួយ​អ្នកគាំទ្រ​ក្នុងប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​១៨​ ខែមីនា​នេះ សម្តេច​តេ​ជោ​ ​នាយករដ្ឋមន្ត្រី​ បាន​ប្រកាស​គាំទ្រ​អោយ​ចិន​បន្ត​វិនិយោគ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ ​បាន​បង្ហាញថា ​វិនិយោគិន​ចិន​ឈរ​លេខ​១ ក្នុងចំណោម​ជាតិ​សាសន៍​ផ្សេងទៀត ជាហេតុ​ដែល​នាំឱ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​កម្ពុជា​អភិវឌ្ឍន៍​ខ្លាំង ​ជាពិសេស​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​បាន​ហក់​ឡើងថ្លៃ​ខ្ពស់​។

កាលពី​ឆ្នាំ​២០១៧ ប្រជាជន​ចិន​ដែល​ធ្វើដំណើរ​ទេសចរណ៍​ក្រៅ​ប្រទេស​សរុប​ចំនួន ១៣០០​លាន​នាក់ ហើយ​ក្រៅពីនេះ ​វិនិយោគិន​ចិន​ដែល​មករក​ស៊ី​នៅ​កម្ពុជា​ច្រើនជាងគេ ​គឺជា​ភ្ញៀវទេសចរ ហើយ​ដោយឡែក​ភ្ញៀវទេសចរ​ចិន​កើនឡើង៤៦​ភាគរយ ស្មើរចំនួន ១.២១​លាន​នាក់​៕