UN៖ ពលរដ្ឋ​ស៊ីរី​ប្រហែល ២ម៉ឺន ​៥ពាន់​នាក់​​បាន​ចាក​ចេញ​ពី​តំបន់​ហ្គោតា​ខាង​កើត​​​កាល​ពី​សប្ដាហ៍​មុន​

80

ស៊ីរី៖ លោក អាលីអាល់ ហ្សាតារី អ្នក​សម្របសម្រួល​​អង្គការ​សហប្រជាជាតិ ​​ប្រចាំ​​នៅ​ប្រទេស​ស៊ីរី​​បាន​ប្រាប់​​ភ្នាក់ងារ​​ព័ត៌មាន​រ៉យទ័រ​​កាល​ពី​ថ្ងៃ​អាទិត្យ​​​ថា ​លោក​ប៉ាន់ប្រមាណ​ថា ពលរដ្ឋ​​ប្រហែល ២ម៉ឺន ​៥ពាន់​នាក់​​​បាន​ចាក​ចេញ​ពី​តំបន់​ហ្គោតា​ខាង​កើត​​ក្នុង​រយៈ​ពេល​​ ១​សប្ដាហ៍​កន្លង​ទៅ​។

​ជន​ស៊ីវិល​​បាន​កំពុង​ធ្វើ​ដំណើរ​​ដោយ​ថ្មើរ​ជើង​​ ឆ្ពោះ​ទៅ​កាន់​ទីតាំង​របស់​​កង​ទ័ព​​ដោយ​នាំ​យក​​នូវ​របស់​របរ​​ពួក​គេ​មួយ​ចំនួន​​ទៅ​ជាមួយ​​ផង។ ​បន្ទាប់​មក​​ពួក​គេ​ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​​មជ្ឈមណ្ឌល​​ទទួល​​មួយ ​ក្នុង​ចំណោម​​មជ្ឈមណ្ឌល​​ទទួល​ចំនួន ៣​កន្លែង។ ​ភាគ​ច្រើន​នៃ​ពួក​គេ​ទាំង​នេះ ​បាន​ធ្វើ​ដំណើរ​​កាត់​តាម​តំបន់​ហាមូរីយេស​ភាគ​ខាង​ត្បូង​ ដែល​នៅ​ទី​នោះ​​កង​ទ័ព​ស៊ីរី​បាន​បើក​ច្រក​របៀង​​មួយ​កន្លែង​​ក្នុង​សប្ដាហ៍​នេះ​។ ​លោក ហ្សាតារី បាន​និយាយ​ថា ពលរដ្ឋ​ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ទៅ​កាន់​​តំបន់​មួយ​ចំនួន​មាន​រដ្ឋាភិបាល​គ្រប់​គ្រង​​ ដែល​នៅ​ទី​នោះ​​ពួក​គេ​អាច​ស្វែង​រក​​ជំនួយ​​បាន​ បច្ចុប្បន្ន​កំពុង​មាន​​អារម្មណ៍​ថា​មាន​សុវត្ថិភាព​​ ជាង​ពួក​គេ​ស្ថិត​នៅ​ក្នុង​តំបន់​ហ្គោតា​ខាង​កើត។ ​អង្គការ​​សហប្រជាជាតិ​​កំពុង​សង្ឃឹម​ថា ក្បួន​ជំនួយ​​លើក​​ក្រោយ​​មួយ​ទៀត​​មាន​រថយន្ត​ចំនួន​ពី ២៥ ទៅ ៣០​គ្រឿង​​នឹង​ចូល​ទៅ​ដល់​​ក្រុង​ឌូម៉ា​​ក្នុង​តំបន់​​ភាគ​ខាង​ជើង​ក្នុង​រយៈ​ពេល​ ២-៣ថ្ងៃ​​ក្រោយ​នេះ លោក​បាន​បន្ថែម​ថា ជំនួយ​​នាំ​ទៅ​កាន់​តំបន់​នោះ​គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ឌូម៉ា​​​​ត្រូវ​ការ​។

​អ្នក​ឃ្លាំ​មើល​សង្គ្រាម និង​សិទ្ធិមនុស្ស​​ស៊ីរី​បាន​លើក​ឡើង​ថា ​ពលរដ្ឋ​​ប្រហែល ៥ម៉ឺននាក់​​បាន​ចាក​ចេញ​ពី​តំបន់​ភាគ​ខាង​ត្បូង​ក្នុង​រយៈ​ពេល ៧២​ម៉ោង​​​កន្លង​ទៅ​​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​​បាន​ចាក​ចេញ​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ទីភ្នាក់ងារ​​សារព័ត៌មាន​​​រុស្ស៊ី​បាន​និយាយ​ថា ​ពលរដ្ឋ​​​ប្រហែល ៧ម៉ឺន​ ៣ពាន់​នាក់​​បាន​ចាក​ចេញ​ពី​​តំបន់​ហ្គោតា​ខាង​កើត​​រហូត​មក​ដល់​​ពេល​នេះ​ ហើយ​ចំនួន ២ម៉ឺន ៥ពាន់​នាក់​​នៃ​ចំនួន​ពួក​គេ​​ទាំង​នេះ​បាន​ចាក​ចេញ​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ៕​​

អត្ថបទ៖ រិទ្ធី