សម្ព័ន្ធ​សហជីព​ជាតិ​ថ្កោលទោស​លោកស្រី មូរ សុខ​ហួរ ស្នើ​ឲ្យ​អូស្ត្រាលី ផ្អាក​ការទិញ​សំលៀកបំពាក់​ពី​កម្ពុជា

45

ភ្នំពេញ ៖ ​ សម្ព័ន្ធ​សហជីព​ជាតិ បាន​ធ្វើការ​ថ្កោលទោស​ចំពោះ​លោកស្រី មូរ សុខ​ហួរ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ផ្អាក​ការទិញ​សំលៀកបំពាក់ ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​សម្ព័ន្ធ​សហជីព​ជាតិ ​នៅ​ថ្ងៃទី​១៩ ​ខែមីនា ឆ្នាំ​២០១៨ នេះ ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សម្ព័ន្ធ​សហជីព​ជាតិ បាន​ឲ្យ​ដឹងថា​ ការស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ផ្អាក​ការទិញ​សំលៀកបំពាក់​ដែល​ផលិត​នៅក្នុង​ប្រទេ​ស​កម្ពុជា ​គឺជា​សារ​អាក្រក់​បំផុត សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល រួមមាន កម្មករ កម្មការិនី អាជីវករ កសិករ អ្នករត់ ​កង់​បី តាក់ស៊ី …​។​ល​។ ដែល​រស់នៅ​ប្រកប​របប ​និង​ពឹង​ផ្អែកលើ​វិស័យ​មួយ​នេះ ហើយ​បាន​ធ្វើ​ឲ្យ​កម្មករ កម្មការិនី ខកចិត្ត និង​ខឹង​សប្បារ​យ៉ាងខ្លាំង ​ចំពោះ​ការ​វិការ និង​ទង្វើ​ដែល​បាន​នឹង​កំពុង​បំផ្លាញ​វិស័យ​មួយ​នេះ​ឲ្យ​រលាយ​សាបសូន្យ​ពី​កម្ពុជា​។

ជាមួយគ្នានេះ សម្ព័ន្ធ​សហជីព​ជាតិ ក៏បាន​អំពាវនាវ​ដល់​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ថា បញ្ហា​នយោបាយ​ និង​បញ្ហា​ឆ្នាំ​បាយ​របស់​កម្មករ សូម​ចែក​ឲ្យ​ដាច់ពីគ្នា ​កុំ​ដោយសារតែ​វិបត្តិ​នយោបាយ​របស់​ខ្លួន​ជាប់គាំង​ ដោះស្រាយ​មិន​ចេញ ​ធ្វើ​ឲ្យ​កម្មករ​គ្មាន​ការងារ​ធ្វើ និង​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​បាត់បង់​ចំណូល​ដែល​ទទួល​ផល​ពី​វិស័យ​កាន់​ដេរ​នៅ​កម្ពុជា​។ ​ហើយ​សូម​ឲ្យ​បញ្ឈប់​សកម្មភាព​ស្នើ​ដល់​សហគមន៍​អឺរ៉ុប ​និង​ប្រទេស​នានា​ ឲ្យ​ផ្អាក​ការទិញ​ទំនិញ​ពី​កម្ពុជា​ និង​សូម​បញ្ឈប់​ការ​យក​កម្មករ​មក​ធ្វើជា​ឈ្នាន់​ បម្រើ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន ​ដូច​​ឆ្នាំ​២០១៣​កន្លងទៅ​៕