កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ មីនា បាន បង្កើតព្រឹត្តិការណ៍កប់ដាំគ្រាប់ត្នោតចំនួន ៥២៥២ដើម អមតាមជើងទំនប់បឹងវាម សំរាប់ទុកជាប្រយោជន៍ឲ្យអ្នកជំនាន់ក្រោយៗ។
ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ក្នុងខេត្តកំពង់ចាម ប្រមាណជាងពាន់នាក់ ហើយត្រូវបាន អង្គពិធីចាត់ទុកថាជាប្រវត្តិសាស្ត្រសម្រាប់អនុជនជំនាន់ក្រោយៗទាញយកផលប្រយោជន៍បំរើអោយជីវភាពរស់នៅ និងក៏ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។
តាមរបាយការណ៍ស្វាគមន៍ របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅក្នុងពិធីនេះ បានបញ្ជាក់ថា ទំនប់បឹងវាម ដែលត្រូវដាំកូនត្នោតអមនេះ មានប្រវែង៨គីឡូម៉ែត្រ ឆ្លងកាត់ភូមិសាស្ត្រចំនួន៥ឃុំ ក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាម រួមមានឃុំប្រាំយាម ឃុំ បារាយណ៍ ឃុំទងត្រឡាច ឃុំព្រែកពោធិ៍ និងឃុំខ្នាសរ។លោក ឲ្យដឹងទៀតថា កូនត្នោតនិងគ្រាប់ត្នោតដែលយកមកកប់ដាំនេះ មានប្រភេទ ត្នោត អាចម៍សេះ ត្នោតក្រាំង និងត្នោតសម្លរ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ថ្លែងថា ដោយពិនិត្យឃើញភូមិសាស្ត្រតាមតំបន់បឹងវាមនេះ សមប្រកបសំរាប់ដំណាំត្នោត និងដោយបានការឯកភាពពីស្ថាប័នពាក់ព័ន្ធផងនោះ ទើបឯកឧត្តម សំរេចបំផុសចលនាដាំកូនត្នោតជាច្រើនពាន់ដើមនៅតំបន់នេះទុកសំរាប់បំរើអោយផលប្រយោជន៍អ្នកជំនាន់ក្រោយ ទុកជាអត្តសញ្ញាណជាតិ និងសំរាប់បំរើអោយវិស័យទេសចរណ៍ផងដែរ។
ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ខេត្តនឹងបែងចែកកម្លាំងថែទាំកូនត្នោតដែលដាំនេះអោយដុះលូតលាស់ល្អហើយ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តចូលរួមដាំកូនត្នោតទាំងអស់ ដោយបានចាត់ទុកអ្នកចូលរួមទាំងអស់ថា មានស្មារតីភ្ញាក់រលឹកខ្ពស់សំរាប់បំរើអោយផលប្រយោជន៍ជាតិនិងមាតុភូមិ។
សារៈប្រយោជន៍ត្នោត មានច្រើនមុខសំរាប់បំរើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ត្នោតអាចដាំលើដីគ្រប់ប្រភេទបាន និងមានរយៈពេល១០ ឆ្នាំអាចទាញយកផលបានជាបណ្តើៗតាមសេចក្តីត្រូវការ និងមានអាយុកាលពី១២០ ឆ្នាំទៅ១៥០ឆ្នាំ៕