ម៉ា​រ៉ុ​ក​គ្រោង​ចាយ 15.8ពាន់​លាន​ដុល្លារ​ បើ​បាន​សិទ្ធិ​រៀបចំ World Cup 2026

152

បាល់ទាត់៖ ​ប្រទេស​ម៉ា​រ៉ុ​ក​បាន​គ្រោង​ចំណាយ​នូវ​កញ្ចប់​ថវិកា 15.8ពាន់​លាន​ដុល្លារ​អាមេរិក​ទៅលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ​ប្រសិន​ទទួល​បាន​សិទ្ធិ​រៀបចំ World Cup 2026​។

​​ការប្រកាស​នេះ​ធ្វើឡើង​ ស្រប​ពេល​ដែល​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​មួយ​នេះ ចូលខ្លួន​ក្នុង​ការ​ដាក់​ដេញថ្លៃ​សិទ្ធិ​រៀបចំ World Cup 2026​។ ​យ៉ាងណាក៏ដោយ​ម៉ា​រ៉ុ​ក​នឹង​មិន​ប្រើប្រាស់​ថវិកា​ទាំងនេះ​ សាងសង់​កីឡដ្ឋាន​ថ្មី​ឡើយ តែ​គ្រោង​កែលំអ​ឡើងវិញកីឡដ្ឋាន​ដែល​មាន​ស្រាប់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្រុម​ដេញថ្លៃ​របស់​ម៉ា​រ៉ុ​ក ដែល​ជា​រដ្ឋមន្ត្រី​ក្នុង​ជួ​រដ្ឋាភិបាលដែរ​នោះ​។ ​ប្រទេស​ដែល​នៅ​ភាគ​ខាងជើង​ទ្វីប​អាហ្វ្រិក​មួយ​នេះ បាន​ចូលខ្លួន​ប្រជែង​ជាមួយ​ប្រទេស​កាណាដា ម៉ិ​ក​ស៊ិ​ក និងសហរដ្ឋអាមេរិក ខណៈ​ដែល​ការ​សំរេច​ថា​ប្រទេស​ណា​ឈ្នះ​សិទ្ធិរៀបចំ World Cup នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Moscow ប្រទេស​រុស្ស៊ី​ថ្ងៃ​ទី13 ខែ​មិថុនាខាងមុខនេះ 8ឆ្នាំមុន​ព្រឹត្តិការណ៍​។

​​រំលឹក​ថា ​ម៉ា​រ៉ុ​ក​មិន​ធ្លាប់​រៀបចំ World Cup ឡើយ តែ​ធ្លាប់​ដាក់ពាក្យ​ប្រជែង​ច្រើន​លើក​សុទ្ធតែ​បរាជ័យ​នៅ​ឆ្នាំ 1994, 1998, 2006 និង2010 ក្នុង​នោះ​ចាញ់​អាមេរិក​ឆ្នាំ1994 ចាញ់​បារាំង1998 និងចាញ់​អាហ្វ្រិក​ខាងត្បូង​នៅ​ឆ្នាំ2010 ដែល​ជា​ព្រឹត្តិការណ៍ World Cup ដំបូង​ធ្វើ​លើ​ទឹកដី​អាហ្វ្រិក​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ